(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានប្រកាសចាប់ផ្តើមបិទហាងរបស់ខ្លួនទាំងអស់ នៅទូទាំងពិភពលោក ពីពេលនេះតទៅតែម្តង ដើម្បីឆ្លើយតបចំពោះការរីករាតត្បាតកាន់តែខ្លាំងនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
ក្រុមហ៊ុន Microsoft បានចេញសេចក្តីប្រកាស នៅលើបណ្តាញសង្គម Twitter ថា ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់អតិថិជន និងបុគ្គលិកនានារបស់យើង ពួកយើងបានសម្រេចថា នឹងបិទរាល់ទីតាំងហាង Microsoft Store ទាំងអស់ នៅជុំវិញពិភពលោក ដែលត្រូវអនុវត្តចាប់ពីពេល ចេញសេចក្តីប្រកាសនេះភ្លាមៗតែម្តង។
គួរជម្រាបថា សម្រាប់រយៈពេលនៃការបិទគឺ Microsoft មិនបានបញ្ជាក់ច្បាស់នោះទេ គឺរហូតដល់មានការជូនដំណឹងថ្មីតទៀត ហើយទោះជាបែបនេះក្តី ក្រុមហ៊ុននឹងបន្តបម្រើដល់អតិថិជនរបស់ខ្លួន តាមរយៈអនឡាញដដែលនៅលើវែបសាយ Microsoft.com៕