(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នាព្រឹកថ្ងៃអង្គារនេះបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨៤ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដោយវាជាថ្ងៃទីបីជាប់ៗគ្នាហើយ ដែលប្រទេសអាស៊ីខាងកើតមួយនេះបានរាយការណ៍ថា មានការឆ្លងប្រចាំថ្ងៃតិចជាង ១០០ករណី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី ១៧ ខែមីនា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ KCDC បានប្រកាសឲ្យដឹងថា តួលេខនៃអ្នកឆ្លងថ្មីៗនេះ គឺមានកម្រិតទាបជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងតួលេខខ្ពស់បំផុតកាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅនេះ ដែលមានរហូតដល់ ៩០៩ករណីតែក្នុងពេលមួយថ្ងៃ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae-in) បានអះអាងថា លោកមានជំនឿចិត្តកាន់តែខ្លាំងឡើងថា កូរ៉េខាងត្បូងនឹងអាចយកឈ្នះលើវីរុសនេះបាននាពេលដ៏ខ្លីខាងមុខ ខណៈអត្រានៃករណីឆ្លងថ្មីនៅតែបន្តធ្លាក់ចុះ បើទោះបីជាអាជ្ញាធរបានកត់សម្គាល់ឃើញថា មានចង្កោមចម្លងរោគធំមួយថ្មីទៀត បានលេចចេញនៅតំបន់មួយក្នុងរដ្ឋធានីសេអ៊ូលក៏ដោយ។
គួរជម្រាបថា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីបួននៅអាស៊ីនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលទទួលរងការរាតត្បាតជំងឺ COVID-19 ដ៏ខ្លាំងជាងគេមួយនៅអាស៊ីក្រៅពីចិន ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលនៃជំងឺនេះពីមុន។ រហូតដល់ពេលវេលានេះ មានសេចក្តីរាយការណ៍ថា កូរ៉េខាងត្បូងមានអ្នកឆ្លងសរុបចំនួន ៨,៣២០ករណី ក្នុងនោះ ៨១នាក់ស្លាប់ និង ១,៤០១នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕