(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ បានចេញមកហើយ ដោយមានចំនួនរហូតដល់ ៩២២នាក់បន្ថែមទៀតនៅទូទាំងចិនដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨៩៤ករណីនៅទូទាំងចិនដីគោកមានសរុប ៦៩,៦០១នាក់បានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺសរុប ៣,២៣៧នាក់បានស្លាប់។ តាមរយៈតួលេខនេះយើងអាចគណនាបានថា នៅថ្ងៃអង្គារ ទី១៧ ខែមីនា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ១៣នាក់ និងស្លាប់១១នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង។
ជាការកត់សម្គាល់អត្រាអ្នកឆ្លង COVID-19 និងអ្នកស្លាប់នៅទូទាំងប្រទេសចិន មានការថមថយច្រើនខ្លាំង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយ សម្រាប់ការរាំងខ្ទប់ការឆ្លង COVID-19 ទាំងស្រុងតែម្តងនៅក្នុងប្រទេសចិន។ កាលពីពាក់កណ្តាលសប្តាហ៍នេះចិនបានប្រកាសថា ការព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ បានក្លាយជារឿងសំខាន់ចាប់ពីពេលនេះទៅ ហើយឥឡូវចិនកំពុងតែបារម្ភខ្លាំងពីករណីឆ្លង ដែលនាំចូលពីក្រៅប្រទេសវិញ៕