(ហាណូយ)៖ ទីបំផុតរដ្ឋាភិបាលវៀតណាមសម្រេច ផ្អាកការផ្តល់ទិដ្ឋាការដល់ជនបរទេសទាំងឡាយ សម្រាប់រយៈពេលកំណត់ ៣០ថ្ងៃ គិតចាប់ពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នេះតទៅ ដែលជាការចាត់វិធានការក្តៅបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសកល COVID-19។
សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលវៀតណាមបានឲ្យដឹងទៀតថា រាល់ជនបរទេសទាំងឡាយណា ដែលតែងតែទទួលបានកម្មវិធីលើកលែងទិដ្ឋាការ ឬជនជាតិវៀតណាមទាំងអស់ដែលស្ថិតនៅបរទេសព្រមទាំងប្តី-ប្រពន្ធ និងកូនរបស់ពួកគេ ដែលមានលិខិតបញ្ជាក់ត្រឹមត្រូវអំពីការលើកលែងទិដ្ឋាការនោះ នៅតែអាចចូលមកកាន់ប្រទេសវៀតណាមបាន ប៉ុន្តែពួកគេត្រូវតែមានលិខិតបញ្ជាក់ច្បាស់លាស់ថា គ្មានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19)។
សម្រាប់វិធានការខាងលើនេះ ក៏នឹងត្រូវអនុវត្តចំពោះជនបរទេស អ្នកជំនាញ ម្ចាស់គ្រប់គ្រងអាជីវកម្ម និងកម្មករជំនាញ នៅពេលមកដល់ប្រទេសវៀតណាមផងដែរ។ ទោះជាបែបនេះក្តី វិធានការផ្អាកទិដ្ឋាការខាងលើនេះ នឹងមិនត្រូវអនុវត្តចំពោះមន្ត្រីទូត ឬភ្ញៀវផ្លូវការមកកាន់វៀតណាមនោះទេ ប៉ុន្តែរាល់ដែលអ្នកត្រូវបានអនុញ្ញាតឲ្យចូលមកាន់ប្រទេសនេះត្រូវតែទទួលការពិនិត្យសុខភាព ស្របតាមបទដ្ឋាននៃអង្គការសុខភាព WHO ជាមុនសិន។
បន្ថែមលើវិធានការណ៍ដាក់ឲ្យនៅដាច់ដោយឡែក ដែលកំពុងត្រូវបានអនុវត្តបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមក៏បានសម្រេចទៀតថា រាល់អ្នកដំណើរដែលមកពី អាមេរិក អឺរ៉ុប និងបណ្តាប្រទេសអាស៊ានដូចគ្នា ក៏ត្រូវទទួលនូវវិធានការដាក់ឲ្យដាច់ដោយឡែក ដើម្បីពិនិត្យរក COVID-19 ជាមុនផងដែរ៕