(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានផ្ដល់អនុសាសន៍ ឱ្យអ្នកដែលមានរោគសញ្ញា COVID-19 ជៀសវាងការប្រើប្រាស់ថ្នាំ អ៊ីបុយប្រូហ្វែន (ibuprofen) បន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលបារាំង ព្រមានថាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅប្រភេទនេះ អាចនឹងធ្វើឱ្យការឆ្លងជំងឺនេះកាន់តែសភាពធ្ងន់ធ្ងរឡើង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
ការព្រមានរបស់រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវីយ្យេ វ៉ែរ៉ង់ (Olivier Veran) ធ្វើឡើងបន្ទាប់ពីការសិក្សាស្រាវជ្រាវថ្មីមួយ ចុះផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet បានស្មត់ថា អង់ហ្ស៊ីមដែលជំរុញដោយថ្នាំបំបាត់ការឈឺចាប់ ដូចជា ibuprofen អាចនឹងធ្វើឱ្យ COVID-19 ឆ្លងកាន់តែលឿន និងមានសភាធ្ងន់ធ្ងរឡើង។
ឆ្លើយតបទៅនឹងការសិក្សាថ្មីនេះដែរ អ្នកនាំពាក្យ WHO លោក គ្រីស្ទៀន លីនម៉ៃអឺ (Christian Lindmeier) បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង ហ្សឺណែវថា WHO នឹងផ្ដល់ការណែនាំបន្ថែមទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រភេទថ្នាំបំបាត់ការឈឺចាប់ នៅពេលខាងមុខ។ លោក គ្រីស្ទៀន បានគូសបញ្ជាក់ដូច្នេះថា៖« នៅខណៈពេលនេះ យើងផ្ដល់អនុសាន៍ ឱ្យប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល (paracetamol) ជំនួសឱ្យ ឬកុំប្រើប្រាស់ថ្នាំ ibuprofen ជាថ្នាំព្យាបាលដោយខ្លួនឯង...នេះគឺជារឿងសំខាន់បំផុត»។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា បើសិនជា ibuprofen ត្រូវបានណែនាំដោយគ្រូពេទ្យជំនាញ នោះគឺវាអាស្រ័យទៅលើពួកគេ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវីយ្យេ វ៉ែរ៉ង់ ការប្រើប្រាស់ថ្នាំ ibuprofen ឬថ្នាំបំបាត់ការឈឺចាប់ដទៃ អាចនឹងធ្វើឱ្យ COVID-19 ឆ្លងកាន់តែលឿន និងកាន់តែធ្ងន់ធ្ងរ។ ដូច្នេះនៅក្នុងករណីក្ដៅខ្លួន គួរតែប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុល ហើយអ្នកជំងឺដែលធ្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ គួរតែសុំយោបល់ពីគ្រូពេទ្យរបស់ ពួកគេ។ ក៏ប៉ុន្តែ លោកក៏បានបញ្ជាក់ដែរថាការលេបថ្នាំប៉ារ៉ាសេតាម៉ុល គួរតែមានកម្រិតត្រឹមត្រូវ ព្រោះថាការប្រើប្រាស់ថ្នាំនេះលើសកំណត់អាចនឹងធ្វើឱ្យប៉ះពាល់ដល់ថ្លើម៕