(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីអាល្លឺម៉ង់បានបញ្ចេញប្រតិកម្មខ្លាំងៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់ជូនក្រុមហ៊ុនវេជ្ជសាស្ត្រអាល្លឺម៉ង់មួយ នូវទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ការទិញសិទ្ធិផ្តាច់មុខ ដើម្បីយកវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលក្រុមហ៊ុនមួយនេះកំពុងតែផលិត ទៅប្រើប្រាស់សម្រាប់តែនៅក្នុងសហរដ្ឋអាមេរិកនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក ភីធើ អាល់ម៉ៃយើ (Peter Altmaier) បានប្រតិកម្មទៅនឹងរបាយការណ៍ទំព័រមុខរបស់កាសែតអាល្លឺម៉ង់មួយ ដែលបានដាក់ចំណងជើងថា «ត្រាំ ទល់នឹងប៊ែរឡាំង» យ៉ាងដូច្នេះថា «អាល្លឺម៉ង់មិនមែនសម្រាប់លក់ទេ»

កាសែតខាងលើបានរាយការណ៍ថា លោកប្រធានាធិបតី ត្រាំ បានផ្តល់ទឹកប្រាក់ចំនួន ០១ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនជីវសាស្ត្រអាល្លឺម៉ង់មួយ ដែលមានឈ្មោះថា ឃ្យួរវ៉ាក់ «CureVac» ដើម្បីទិញសិទ្ធិផ្តាច់មុខនូវវ៉ាក់សាំងការពារជំងឺ COVID-19 សម្រាប់ប្រើប្រាស់តែក្នុងសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ តែទោះជាយ៉ាងណា មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ ក៏កំពុងគិតគូរផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ទិញវ៉ាក់សាំងនេះឲ្យស្ថិតនៅក្នុងប្រទេសផងដែរ។

របាយការណ៍នេះ វាបានធ្វើឲ្យមានភាពក្តៅក្រហាយយ៉ាងខ្លាំងនៅទីក្រុងប៊ែឡាំង ខណៈអាល្លឺម៉ង់ក៏ជាប្រទេសកំពុងរងគ្រោះធ្ងន់ធ្ងរមួយផងដែរ ដោយសារតែការរាតត្បាតនៃជំងឺសកល COVID-19។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក ហៃកូ ម៉ាអាស (Heiko Maas) បានលើកឡើងយ៉ាងដូច្នេះថា «អ្នកស្រាវជ្រាវអាល្លឺម៉ង់កំពុងដើរតួនាទី ឈានមុខគេក្នុងការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំង ដែលជាផ្នែកមួយនៃបណ្តាញសហប្រតិបត្តិការអន្តរជាតិ។ យើងមិនអាចអនុញ្ញាតឲ្យមានស្ថានភាព ដែលអ្នកផ្សេងទៀតចង់ទទួលបានលទ្ធផល នៃការស្រាវជ្រាវនេះសម្រាប់តែពួកគេនោះទេ»

ជាមួយគ្នានេះលោក អឺវីន រូដឌែល (Erwin Rüddel) ដែលជាសមាជិកសភាមួយរូបរបស់អាល្លឺម៉ង់ ហើយជាប្រធានគណៈកម្មាធិការសុខាភិបាល របស់សភាអាល្លឺម៉ង់ផងដែរនោះ ក៏បានមានថ្លែងដែរថា «កិច្ចសហប្រតិបត្តិការអន្តរជាតិនៅពេលនេះ គឺវាមានសារៈសំខាន់ណាស់ មិនមែនត្រូវមកនិយាយតែរឿងប្រយោជន៍ សម្រាប់ជាតិណាមួយឡើយ»

ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សង់ ស្ពាន (Jens Spahn) បាននិយាយថា ការដណ្តើមកាន់កាប់ក្រុមហ៊ុន CureVac ដោយរដ្ឋបាល ត្រាំ «គឺជារឿងមិនអាចទៅរួចទេ»។ លោក Spahn ក៏បានបន្ថែមទៀតថា CureVac នឹងបង្កើតវ៉ាក់សាំង «សម្រាប់ពិភពលោកទាំងមូល» មិនមែនសម្រាប់តែប្រទេសណាមួយនោះទេ៕