(វ៉ាស៊ីនតោន)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៨,៧៣៦ករណីហើយ ក្នុងនោះអ្នកជំងឺ ១៤៩នាក់បានស្លាប់។ នេះបើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ដកស្រង់ផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
បើតាម CDC អ្នកឆ្លងថ្មីៗចំនួន ៧០ករណី គឺជាពលរដ្ឋធ្វើមាតុភូមិនិវត្តន៍មកកាន់សហរដ្ឋអាមេរិក ជាពិសេសគឺពលរដ្ឋអាមេរិក ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ៨,៦៦៦ ករណីផ្សេងទៀតត្រូវបានរាយការណ៍ នៅក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្នរដ្ឋទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិកសុទ្ធតែមានករណីឆ្លង COVID-19។
គួរបញ្ជាក់ថា ក្នុងចំណោមរដ្ឋទាំង ៥០ រដ្ឋញូយ៉កមានសភាពធ្ងន់ធ្ងរជាងគេ នៃការឆ្លងរាលដាល COVID-19 ដោយមានចំនួនអ្នកឆ្លងរហូតដល់លើស ២,៩០០ករណី ខណៈរដ្ឋវ៉ាស៊ីនតោនស្ទេតមានអ្នកឆ្លង ១,១៨៧ករណី និងរដ្ឋកាលីហ្វ័រញ៉ា ៦៩០ករណី៕