(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់៩០០នាក់ហើយ បន្ទាប់ពី អ្នកឆ្លងថ្មី១១០ករណី ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
ក្នុងចំណោមអ្នកឆ្លងថ្មី១១០ករណី មាន៦៣ករណី មានជាប់ពាក់ព័ន្ធនឹងពិធីជួបជុំមួយ នៅឯវិហារនៃតំបន់ Sri Petaling ស្ថិតនៅក្នុងទីក្រុង គូឡាឡាំពួរ។ អគ្គនាយកសុខាភិបាល ម៉ាឡេស៊ី លោក Noor Hisham Abdullah ធ្លាប់បានឱ្យដឹងថា ពិធីជួបជុំនេះមានអ្នកចូលរួម ១៦,០០០នាក់ ហើយអាជ្ញាធរបានទាក់ទងទៅមនុស្ស១០,៥៥៣នាក់ ដែលបាន ចូលរួមក្នុងពិធីនេះ។ លោកបន្ថែមថា ក្នុងចំណោមអ្នកទាំងនេះទៀតសោត មាន៤,៩៨៦នាក់ ត្រូវបានគេយកសំណាកទៅពិនិត្យ និងមាន៥១៣នាក់ ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក COVID-19។
គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ ម៉ាឡេស៊ី បានអះអាងថាមនុស្សពីរនាក់ បានបាត់បង់ជីវិត ដោយសារ COVID-19៕