(កាលីហ្វ័រញ៉ា)៖ ប្រជាជនទាំងអស់ ៤០លាននាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះមួយរយៈ ជាផ្នែកមួយនៃយុទ្ធនាការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
ការប្រកាសពីវិធានការខាងលើ ធ្វើឡើងខណៈរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 បន្ទាប់ពីរដ្ឋវ៉ាស៊ីនតោន និងរដ្ឋញូយ៉ក។ បច្ចុប្បន្នមានអ្នកឆ្លង ៩១០ករណី នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះមាន ១៩នាក់បានស្លាប់។ ចំណែកឯរដ្ឋញូយ៉កវិញ មានអ្នកឆ្លង ៥,២៩៨ករណី ខណៈរដ្ឋវ៉ាស៊ីនតោនមាន ១,៣៧៦ករណី៕