(សេអ៊ូល)៖ មជ្ឈមណ្ឌលកូរ៉េសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (KCDC) បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៨៧ករណីទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៨,៦៥២ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
បើតាម KCDC អាត្រាឆ្លងប្រចាំថ្ងៃខាងលើមានតិចជាង ១០០ករណីជាថ្មីម្ដងទៀតពេញមួយថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាលពីថ្ងៃពុធកន្លងទៅ ដែលមានអ្នកឆ្លង ១៥២ករណីត្រូវបានរាយការណ៍។ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្ដើមរឹតបន្តឹង និងត្រួតពិនិត្យច្រកព្រំដែន ព្រមទាំងអាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតរបស់ COVID-19។
មកទល់នឹងបច្ចុប្បន្នមនុស្ស ៩៤នាក់ ក្នុងនោះភាគច្រើនជាមនុស្សវ័យចំណាស់ និងមានជំងឺប្រចាំកាយបានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកជំងឺសរុប ២,២៣៣នាក់បានជាសះស្បើយឡើងវិញ។ ទោះបីជាបែបនេះក្តី បើយោងតាមតួលេខខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូងអាចគ្រប់គ្រងស្ថានការណ៍បាន ដោយមិនឲ្យជំងឺ COVID-19 នេះឆ្លងរាលដាលខ្លាំងបន្ថែមទៀតឡើយ៕