(សៀងហៃ)៖ ដោយសារតែផលប៉ះពាល់ពី COVID-19 ឥឡូវនេះក្រុមហ៊ុន Apple បានសម្រេចកំណត់ឲ្យអតិថិជនក្នុងម្នាក់ គឺមិនអាចទិញ iPhone ដែលជាស៊េរីដូចគ្នាលើសពី ០២គ្រឿងបានទៀតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
ការដាក់កំហិតនេះត្រូវគេសង្កេតឃើញថា កំពុងកើតមានឡើងនៅតាមអនឡាញស្តរ (Online Store) របស់ Apple នៅតាមប្រទេសជាច្រើន រួមមានទាំងសហរដ្ឋអាមេរិក និងចិន។ Apple បានសម្រេចថា ក្នុងអតិថិជនម្នាក់អាចទិញ iPhone ម៉ូដែលតែមួយត្រឹម ០២គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែពួកគេនៅតែទិញ iPhone ច្រើនជាង ០២គ្រឿងបាន ដោយជាម៉ូដែលខុសគ្នា ឧទាហរណ៍ថា iPhone 11 ០២គ្រឿង និង iPhone 11 Pro ០២គ្រឿងជាដើម។ ផលិតផលដទៃទៀតរួមមាន iPad Pro ដែលទើប ត្រូវបានប្រកាសពីថ្ងៃពុធ ក៏មានការកំណត់ចំនួននៃការទិញដូចគ្នាដែរ។
គួរជម្រាបថា បញ្ហានេះគឺជាផលប៉ះពាល់ជាក់ស្តែងមួយ ដែលបង្កឡើងដោយជំងឺ COVID-19 លើប្រតិបត្តិការជារួម និងខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Apple ក៏បានដឹងមុនរួចជាស្រេចផងដែរថា សមត្ថភាពផ្គត់ផ្គង់តម្រូវការផលិតផល iPhone របស់ខ្លួននឹងត្រូវទទួលរងការប៉ះពាល់ជាបណ្តោះអាសន្ន ដោយសារតែ COVID-19៕