(សេអ៊ូល)៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើតេស្តពិនិត្យរកមើល COVID-19 លើមនុស្សគ្រប់រូប ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង វិធានការរឹតបន្តឹងនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃអាទិត្យសប្តាហ៍នេះទៅ។ នៅថ្ងៃសុក្រនេះ អ្នកឆ្លង COVID-19 ចំនួន៨៧នាក់ថែមទៀត នៅកូរ៉េខាងត្បូង ត្រូវបានរាយការណ៍ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់៨,៦៥២នាក់ ប៉ុន្តែមួយចុងក្រោយនេះអត្រាអ្នកឆ្លងថ្មីបានថយចុះយ៉ាងគួរឲ្យកត់សម្គាល់ គឺភាគច្រើននៅក្រោម១០០នាក់ ដោយសារតែការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ ទំនងបានឈានដល់ដំណាក់កាលកំពូលរួចទៅហើយ។
គួរជម្រាបថា នៅថ្ងៃដដែលនេះ អ្នកជំងឺ COVID-19 ៣នាក់ទៀតក៏បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលជាហេតុធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៩៤នាក់។ ដោយឡែក នៅទ្វីបអឺរ៉ុបវិញ ការឆ្លងរាលដាលនៃ COVID-19 កំពុងបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ហើយនាពេលនេះ តួលេខអ្នកឆ្លងនៅទីនោះបានកើនលើសពី១០០,០០០នាក់ ហើយតួលេខអ្នកស្លាប់នៅអ៉ីតាលីតែឯងប៉ុណ្ណោះ បានវ៉ាដាច់តួលេខអ្នកស្លាប់ដោយសារ COVID-19 ក្នុងប្រទេសចិនបាត់ទៅហើយ៕