(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ ទី២០ ខែមីនា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បាននិយាយថា នាខណៈនេះលោកមិនពិចារណា លើការបិទប្រទេសទាំងមូលតែម្តងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

ក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា យោងតាមស្ថានការណ៍បច្ចុប្បន្ន គឺលោកមិនពិចារណាលើការបិទប្រទេសទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋអាមេរិកនៅផ្ទះ កុំដើរហើរនៅខាងក្រៅឡើយ បន្ទាប់ពីរដ្ឋកាលីហ្វរញ៉ា និងញូយ៉កបានសម្រេច បង្គាប់ឲ្យប្រជាជនខ្លួនភាគច្រើន សំងំនៅក្នុងផ្ទះ។ លោក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋទាំងពីរធ្វើបែបនេះគឺល្អហើយ ប៉ុន្តែដោយសារ កាលីហ្វរញ៉ា និងញូយ៉កសុទ្ធតែជាកន្លែងមានការឆ្លងរាលដាលខ្លាំងដូចគ្នា។

គួរជម្រាបថា យោងតាមទិន្នន័យចុងក្រោយបំផុត ដែលទើបត្រូវបានបញ្ចេញដោយ មជ្ឈមណ្ឌលប្រព័ន្ធវិទ្យសាស្រ្ត និងវិស្វកម្ម នៃសាកលវិទ្យាល័យអាមេរិក ចនស៍ ហប់ឃីនស៍ (Johns Hopkins) ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ១៩,៦២៤ករណី ក្នុងនោះនៅញូយ៉កមានអ្នកឆ្លងដល់ទៅ ៨,៤០៣ករណី គឺជាចំនួនច្រើនជាងរដ្ឋដទៃៗទៀត និងនៅកាលីហ្វរញ៉ាមាន ១,២៤៧ករណី។ ចំណែកឯចំនួនអ្នកស្លាប់សរុបវិញគឺមាន ២៦០នាក់ ក្នុងនោះនៅញូយ៉កមាន ៤៦នាក់ និងនៅកាលីហ្វរញ៉ាមាន២៤នាក់ ហើយនៅរដ្ឋវ៉ាស៊ីនតោនមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ៨៣នាក់៕