(ញូយ៉ក)៖ ប្រជាជនជិត ១ពាន់លាននាក់ នៅជុំវិញពិភពលោក កំពុងអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ (គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ) ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ COVID-19 ខណៈចំនួនអ្នកឆ្លងសរុបជាសកល កើនដល់ច្រើនជាង ៣០០,០០០ករណី ក្នុងមានច្រើនជាង ១២,០០០នាក់បានស្លាប់។ នេះបើតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

បើតាម AFP ប្រជាជនជិត១ពាន់លាននាក់ កំពុងស្ថិតនៅក្នុងផ្ទះ នៅក្នុងប្រទេសចំនួន៣៥ នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រជាជនជាង ៦០០លាននាក់ ដែលមានកាតព្វកិច្ចត្រូវស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេសរបស់រដ្ឋាភិបាលមួយចំនួន។ បារាំង អ៉ីតាលី អេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុបដទៃ រួមទាំងសហរដ្ឋអាមេរិក បានប្រាប់ឱ្យប្រជាជនរបស់ខ្លួនស្ថិតនៅក្នុងផ្ទះ ខណៈរដ្ឋ Bavaria បានក្លាយជារដ្ឋដំបូងគេនៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវអនុវត្តវិធានការបិទរដ្ឋជាបណ្ដោះអាសន្ន។

គួរជម្រាបថា មនុស្សច្រើនជាង ៣០០,០០០នាក់ បានឆ្លង COVID-19 នៅទូទាំងពិភពលោក ក្នុងនោះរួមាន ១២,៩៤៤នាក់ បានស្លាប់ ហើយប្រទេសដែលរងគ្រោះខ្លាំង ជាងគេ នៅពេលបច្ចុប្បន្នគឺអ៉ីតាលី ដែលមានអ្នកស្លាប់ ៤,៨២៥នាក់ និងមានអ្នកឆ្លង ៥៣,៥៧៨ករណី៕