(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីននាថ្ងៃចន្ទនេះ បានប្រកាសថា អ្នកជំងឺ COVID-19 ៨នាក់ទៀតបានស្លាប់ ហើយករណីឆ្លង១៦នាក់ថ្មីត្រូវបានរកឃើញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
មន្រ្តីជាន់ខ្ពស់សុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បាននិយាយថា ប្រការនេះធ្វើឲ្យតួលេខសរុបនៃអ្នកជំងឺដែលស្លាប់ ដោយសារ COVID-19 កើនដល់៣៣នាក់ ហើយអ្នកឆ្លងដល់៣៩៦នាក់ នៅទូទាំងប្រទេសហ្វីលីពីន។ ប៉ុន្តែ ក្រុមមន្រ្តីសុខាភិបាលហ្វីលីពីន ក៏បានទទួលស្គាល់ដែរថា ការធ្វើតេស្តរក COVID-19 ក្នុងប្រទេសហ្វីលីពីននៅមានកម្រិត ដែលវាមានន័យថា ចំនួនអ្នកឆ្លងជាក់ស្តែងអាចច្រើនជាងតួលេខដែលយើងមើលឃើញ។
គួរជម្រាបថា កន្លងទៅនេះ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទកោះធំរបស់ប្រទេសហ្វីលីពីន គឺ Luzon ដែលមានមនុស្សរស់នៅប្រមាណ៥០លាននាក់ ស្មើនឹងជាងពាក់កណ្តាលប្រជាជនហ្វីលីពីនសរុប ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19។ ឥឡូវនេះ សភាហ្វីលីពីន កំពុងពិចារណាថែមទៀត ពាក់ព័ន្ធនឹងការផ្តល់អំណាចពិសេសដល់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដើម្បីបញ្ចៀសមហន្តរាយដែលនឹងបង្កឡើងដោយសារ COVID-19 ដែលកំពុងរាលដាលយ៉ាងឆាប់រហ័ស៕