(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានជំរុញឱ្យប្រជាជនរបស់លោកស្ថិតនៅក្នុងផ្ទះ និងចេះការពារ ក៏ដូចជាជួយសង្រ្គោះខ្លួនឯង ខណៈអាជ្ញាធរនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមអនុវត្តវិធានការបិទ រដ្ឋធានីញូដេលី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter លោក ម៉ូឌី បានបញ្ជាក់ដូច្នេះថា៖ «សូមជួយសង្រ្គោះខ្លួន ជួយសង្រ្គោះគ្រួសាររបស់អ្នក ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់អាជ្ញាធរ»។ លោកបន្ថែមថាប្រជនជនឥណ្ឌាមួយចំនួន មិនបានយកចិត្តទុកដាក់ចំពោះការណែនាំ ឬវិធានការរបស់អាជ្ញាធរ នោះទេ ជាពិសេសជុំវិញវិធានការបិទរដ្ឋធានី ញូដេលី។
គួរជម្រាបថា បើតាមអាជ្ញាធរឥណ្ឌា ការបិទរដ្ឋធានីញូដេលី ដែលមានប្រជាជនរស់នៅច្រើនជាង ១៨លាននាក់ នឹងត្រូវអនុវត្តរហូតដល់បញ្ចប់ ខែមីនានេះ។ បន្ថែមពីលើនេះ ជាវិធានការបង្ការ និងទប់ស្កាត់ការរីករាល COVID-19 អាជ្ញាធរឥណ្ឌា ក៏បានដាក់បំរាមលើការជួបជុំមនុស្សច្រើនជាង៥នាក់ ផងដែរ នៅតាមរដ្ឋជាច្រើនក្នុងប្រទេស។ គិតត្រឹម ថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានអ្នកឆ្លង COVID-19 ៤១៥នាក់ ក្នុងនោះមាន៧នាក់បានស្លាប់។ ប៉ុន្តែ ទន្ទឹមគ្នា អ្នកជំនាញសុខាភិបាល បានព្រមានថាករណីឆ្លងអាចនឹងមានច្រើនជាងនេះ៕