(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានសម្រេចឲ្យបិទ ក្លឹបកម្សាន្តរាត្រី រោងកុន និងកន្លែងជួបជុំបែបកម្សាន្តមួយចំនួនទៀត នៅទូទាំងផ្ទៃប្រទេសជាបណ្តោះអាសន្ន ដើម្បីជាវិធានការក្តៅបន្ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលពិភពលោកទាំងមូលកំពុងរងគ្រោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
ទោះបីជាបែបនេះក្តី បាតូចៗ ភោជនីយដ្ឋាន កន្លែងកម្សាន្តសម្រាប់កុមារ និងហាងកាហ្វេជាដើម ដែលមិនមានលក្ខណៈជាការប្រមូលផ្តុំ មនុស្សច្រើននោះ នឹងត្រូវអនុញ្ញាតឲ្យបន្តដំណើរការដដែល ប៉ុន្តែចំពោះទីកន្លែងសម្រាប់ជក់ស៊ីសា នឹងមិនត្រូវអនុញ្ញាតឲ្យបើកនោះឡើយ ព្រោះវាមានការប្រមូលផ្តុំមនុស្សច្រើន និងជិតស្និទ្ធគ្នាថែមទៀត។
គួរបញ្ជាក់ថា រុស្ស៊ីជាប្រទេសមានផ្ទៃដីធំបំផុតលើពិភពលោក ប៉ុន្តែប្រទេសនេះ ទើបរកឃើញករណីឆ្លង COVID-19 តែ ៤៩៥ករណីប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថា ជាកម្រិតទាបនៅឡើយ។ យ៉ាងណាក៏ដោយ វិធានការជាច្រើនត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាល ដូចមាននៅបណ្តាប្រទេសមួយចំនួនជាគំរូស្រាប់។ ប្រជាជនដែលមកពីប្រទេស រងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ហើយចូលមករុស្ស៊ី អាជ្ញាធរតម្រូវស្នាក់នៅដាច់ពីគេសិន ដើម្បីពិនិត្យសុខភាពស្របតាមស្តង់ដា៕