(ឃីនហ្សាសា)៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិកុងហ្គោ (DRC) លោក ហ្វេលីច ថាហ្ស៊ីសេខេឌី (Felix Tshisekedi) បានប្រកាសដាក់ ប្រទេសទៅក្នុងគ្រាមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាត នៃវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈដែលប្រជាជាតិអាហ្វ្រិកមួយនេះ ទើបមានអ្នកឆ្លង៤៨ករណី ក្នុងនោះមនុស្ស០៣នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលឿនបែបនេះ ត្រូវបានលោកប្រធានាធិបតីកុងហ្គោលើកឡើងថា ដោយសារតែភាពគ្រោះថ្នាក់ និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល COVID-19 មិនអាចឲ្យប្រទេសអាហ្វ្រិកនេះ ធ្វេសប្រហែសនោះឡើយ។ លោកប្រធានាធិបតីក៏បានប្រកាសចេញ នូវវិធានការមួយចំនួនទៀតផងដែរ ក្នុងនោះមានដូចជា ការហាមឃាត់ការធ្វើដំណើររវាងខេត្តនានា ជាមួយរដ្ឋធានីឃីនហ្សាសា ដើម្បីដាក់ទីក្រុងមួយនេះទៅក្នុងការតាមដានរក COVID-19 ឲ្យបានហ្មត់ចត់។
គួរបញ្ជាក់ថា ព្រំដែនទាំងអស់របស់កុងហ្គោ ក៏នឹងត្រូវបិទផងដែរ លើកលែងតែចរាចរណ៍រថយន្តដឹកទំនិញ នាវាដឹកទំនិញ និងយន្តហោះដឹកទំនិញ នឹងមិនត្រូវផ្អាកនោះឡើយ។ កុងហ្គោបានរកឃើញអ្នកផ្ទុក COVID-19 ជាលើកដំបូងកាលពីថ្ងៃទី១០ ខែមីនា ហើយរហូតមកទល់នឹងពេលនេះ ប្រទេសអាហ្វ្រិកមួយនេះមានអ្នកឆ្លងសរុប៤៨ករណី ក្នុងនោះ០៣នាក់ស្លាប់ និងម្នាក់ជាសះស្បើយ៕