(វ៉ាលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ បានសម្រេចដាក់ប្រទេសទាំងមូល ទៅក្នុងគ្រាមានអាសន្នហើយ ក្រោយពីករណីឆ្លងជំងឺរាតត្បាតសកល COVID-19 រហូតដល់ទៅ ៥០ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងប្រទេសដីកោះ ដាច់ស្រយាលពីគេឯងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
ការប្រកាសភាពអាសន្នខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រី ក្រសួងការពារស៊ីវិលល នូវែលសេឡង់លោក ភីនី ហេនែរ (Peeni Henare) និងនាយកគ្រប់គ្រងស្ថាប័នចាត់ចែង និងការពារពេលគ្រាមានអាសន្នលោកស្រី សារ៉ាហ៍ ស្តាត ប្លេក (Sarah Stuart Black) ក្នុងសន្និសីទមួយនៅព្រឹកថ្ងៃពុធនេះតែម្តង។ ការប្រកាសភាពអាសន្ននេះ គឺជាការផ្តល់អំណាចកាន់តែទូលំទូលាយដល់អាជ្ញាធរ ក្នុងការបង្កើនប្រតិបត្តិការទប់ស្កាត់ករណីឆ្លង COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសនូវែលសេឡង់ បានកើនឡើងដល់ ២០៥ករណីហើយ ក្រោយពីការរកឃើញអ្នកឆ្លង ៥០នាក់ថ្មីទៀតក្នុងពេលតែមួយថ្ងៃ៕