(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី ២៥ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មានករណីឆ្លងថ្មីៗចំនួន ៤៧ករណីបន្ថែមទៀត នៅទូទាំងប្រទេសចិន។ ប៉ុន្តែករណីឆ្លងថ្មីៗទាំងនេះ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសក្រៅទាំងអស់។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្នុងចំណោមករណីថ្មីៗទាំង ៤៧ ខាងលើដែលបាននាំចូលពីប្រទេសក្រៅមាន១៩ករណីបានរាយការណ៍ នៅទីក្រុងសៀងហៃ (Shanghai), ០៥ករណីនៅទីក្រុងប៉េកាំង (Beijing), ០៥ ករណីនៅខេត្តក្វាងទុង (Guangdong), ០៤ករណីនៅខេត្តធានជីន (Tianjin), ០៤ករណីនៅខេត្តហ្វូជាន (Fujian), ០២ករណីនៅខេត្តអ៊ីនណឺម៉ុងហ្គោលី (Inner Mongolia), ០២ ករណីនៅខេត្តជាំងស៊ូ (Jiangsu), ០២ករណីនៅខេត្តស៊ីឈួន (Sichuan) និង ០៤ ករណីទៀតនៅខេត្តជីលីន (Jilin), ខេត្តហ្សេជាំង(Zhejiang), ខេត្តសានទុង(Shandong) និងខេត្តសាអានស៊ី (Shaanxi) បន្តបន្ទាប់គ្នា។ តួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលពីក្រៅ បានកើនដល់ ៤៧៤ករណីនៅទូទាំងប្រទេសចិន។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៣,៦៥០នាក់ ដោយក្នុងនោះ៤៩១នាក់ ទើបតែត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអង្គារម្សិលមិញនេះ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់៨១,២១៨ករណី ក្នុងនោះ ៣,២៨១នាក់បានស្លាប់បាត់បង់ជីវិត។
និយាយជារួម សម្រាប់ថ្ងៃអង្គារ ទី២៤ ខែមីនា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ៤៧ករណីប៉ុណ្ណោះ ហើយករណីទាំង៤៧ នោះទៀតសោតសុទ្ធតែជាករណីនាំចូលពីខាងក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ០៤ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕