(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលកំពុងរងការរិះគន់ ជុំវិញការរើសអើងពូជសាសន៍ដោយការហៅ COVID-19 ថា «វីរុសចិន» បាននិយាយថា «ពលរដ្ឋអាមេរិកដើមកំណើតអាស៊ី» មិនមានកំហុសអ្វីនោះទេ ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវ ចំពោះការឆ្លងរាលដាលនៃជំងឺឆ្លងនេះនោះដែរ ខណៈមានសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ពីការរើសអើងពូជសាសន៍ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ ក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាននៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកានោះ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «វាគឺរឿងចំាបាច់បំផុត ដែលយើងត្រូវការពារសហគមន៍ពលរដ្ឋអាមេរិក ដើមកំណើតអាស៊ីរបស់យើង នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ ពួកគេគឺជាប្រជាជនដ៏អស្ចារ្យ ហើយការរីរាលដាលនៃវីរុសនេះ ក៏មិនមានជាកំហុសរបស់ពួកគេនោះដែរ។ ផ្ទុយទៅវិញ ពួកគេបានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយនិងពួកយើងដើម្បីកម្ចាត់វីរុសនេះ ដូច្នេះយើងនឹងទទួលជ័យជម្នះជាមួយគ្នា»។
ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើហេតុអ្វីបានជាលោកចេញមុខមកនិយាយពីរឿងនេះ លោកប្រធានាធិបតីអាមេរិកបានឱ្យដឹងថា បច្ចុប្បន្ន វាហាក់ដូចជាមានការប្រើប្រាស់ពាក្យសម្ដីមិនគួរគប្បីបន្តិចបន្តួច ទៅកាន់សហគមន៍ពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី ដែលធ្វើឱ្យលោកមិនពេញចិត្តទាល់តែសោះ។ លោក ត្រាំ បន្តថា «ពួកគេគឺជាប្រជាជនដ៏អស្ចារ្យ ពួកគេស្រឡាញ់ប្រទេសរបស់យើង ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យការរើសអើងពូជសាសន៍កើតឡើងឡើយ»។
គួរជម្រាបថា ក្រោយការបញ្ចេញប្រតិកម្មរបស់លោក ដូណាល់ ត្រំា អគ្គរដ្ឋអាជ្ញានៃរដ្ឋញូយ៉ក ដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 លោកស្រី ឡេធីត្យា ចេមស៍ (Letitia James) បានបញ្ចេញខ្សែទូរស័ព្ទ ឬផ្ញើសារមកលេខ 1-800-771-7755 សម្រាប់ពលរដ្ឋញូយ៉ក អាចរាយការណ៍ពីករណីរើសអើងពូជសាសន៍ផងដែរ។
អង្គការសុខាភាពពិភពលោក (WHO) បានព្រមានថាសហរដ្ឋអាមេរិក អាចនឹងក្លាយជា «ចំណុចកណ្ដាលសកលថ្មី» នៃការឆ្លងរាតត្បាតរបស់ COVID-19 ខណៈករណីឆ្លងនៅ ក្នុងប្រទេសមហាអំណាចផុតលេខមួយនេះ ហាក់ដូចមិនមានភាពធូរស្រាលឡើយ។ ជាក់ស្ដែងគិតត្រឹមថ្ងៃអង្គារកន្លងទៅ អាជ្ញាធរសុខាភិបាលអាមេរិកបានទទួលស្គាល់ថា ករណីឆ្លងជំងឺដ៏កាចសាហាវនេះ ទូទាំងប្រទេសបានកើនដល់ច្រើនជាង ៤២,០០០ករណី ក្នុងនោះ ៥៥៩នាក់បានស្លាប់៕