(អឺរ៉ុប)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងទ្វីបអឺរ៉ុបនៅតែបន្តកើនឡើងខ្លាំង ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើស ២០០,០០០ករណីហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងនោះចំនួនមនុស្សស្លាប់ក៏មានលើស ១៧,០០០នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចនស៍ ហបឃីនស៍ (Johns Hopkins) ដែលធ្វើការតាមដានយ៉ាងជាប់លាប់ ទៅលើការរាតត្បាត COVID-19 នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកឆ្លងនៅទូទាំងសកលលោកបានកើនលើសពី ៤០០,០០០ករណី ដោយក្នុងនោះពាក់កណ្តាលគឺនៅអឺរ៉ុប។ ចំណែកឯងចំនួនអ្នកស្លាប់វិញ គិតត្រឹមពេលដដែលគឺកើនដល់លើស ១៧,០០០នាក់។
គួរជម្រាបថា ក្នុងរយៈពេលត្រឹមតែ ០៥ថ្ងៃប៉ុណ្ណោះ តួលេខសរុបនៃករណីឆ្លងនៅទ្វីបអឺរ៉ុបបានកើនឡើងពី ១០០,០០០ករណី ដល់ ២០០,០០០ករណី។ សម្រាប់ប្រទេសអឺរ៉ុបចំនួន ០៤ ដែលរងគ្រោះធ្ងន់ជាងគេគឺនៅដដែល រួមមាន អ៉ីតាលី អេស៉្បាញ អាល្លឺម៉ង់ និងបារាំង ដែលរ៉ាប់រងករណីឆ្លងរហូតដល់លើស ១៥០,០០០នាក់ទៅហើយ ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបទាំងអស់៕