(ម៉ូស្គូ)៖ សមាជិកសភារុស្ស៊ី បានស្នើឱ្យមានការដាក់ទោសឱ្យបានធ្ងន់ធ្ងរ ក្នុងនោះរួមមានទំាងទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ សម្រាប់ប្រជាជនរុស្ស៊ី ឬអ្នកទាំងឡាយណាដែល រំលោភបំពានលើវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាពិសេសគឺវិធានការនៅដាច់ដោយឡែកពីគេ តែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
សេចក្ដីព្រាងច្បាប់ចែងពីការដាក់ទោសទណ្ឌខាងលើ ដែលត្រូវបានលើកយកមកពិភាក្សានៅថ្ងៃពុធនេះ ក៏មានចែងពីការពិន័យជាប្រាក់ចន្លោះពី ៦,៤០០ដុល្លារ ដល់ ២៥,៧០០ ដុល្លារផងដែរ សម្រាប់ការបំពានវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19។ ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin ដែលជាអ្នកស្នើឡើងនូវ សេចក្ដីព្រាងច្បាប់នេះ បានបញ្ជាក់ថា បើសិនជា អ្នកដែលត្រូវដាក់នៅដាច់ដោយពីគេណាម្នាក់ ត្រូវបានគេរកឃើញទោសកំហុសថា បានធ្វើឱ្យមនុស្សម្នាក់ស្លាប់ ឬចម្លង COVID-19 ដល់អ្នកដទៃ ដោយបំពានលើវិធានការបស់អាជ្ញាធរ នោះអាចនឹងប្រឈមមុខជាប់ពន្ធនាគារ៥ឆ្នាំ ហើយអាចជាប់ពន្ធនាគារដល់៧ឆ្នាំ បើសិនធ្វើឱ្យមនុស្ស២នាក់ ឬច្រើនជាងនេះ ស្លាប់ដោយសារតែការឆ្លងជំងឺដ៏កាចសាហាវនេះពីខ្លួន។
គួរជម្រាបថា សភាជាន់ទាបរុស្ស៊ី នឹងពិចារណាលើសេចក្ដីព្រាងច្បាប់ខាងលើ នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ នៅថ្ងៃពុធនេះដែរ រុស្ស៊ីដែលមានប្រជាជន ១៤៤លាននាក់ បានរកឃើញ ការឆ្លងថ្មីនៃ COVID-19 ចំនួន១៦៣ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៦៥៨នាក់។ រុស្ស៊ីមិនទាន់មានអ្នកស្លាប់ដោយជំងឺដ៏កាចសាហាវនេះទេ។ ប៉ុន្តែ ជាវិធានការទប់ស្កាត់ ទីក្រុងម៉ូស្គូ បានសម្រេចឲ្យបិទ ក្លឹបកម្សាន្តរាត្រី រោងកុន និងកន្លែងជួបជុំបែបកម្សាន្តមួយចំនួនទៀត នៅទូទាំងផ្ទៃប្រទេសជាបណ្តោះអាសន្ន៕