(ម៉ាឌ្រីដ)៖ ក្រុមគ្រូពេទ្យនៅក្នុងប្រទេសអេស្ប៉ាញ បានឈានជើងចូលក្នុងតំណាក់កាលថ្មីមួយ ដោយត្រូវបង្ខំចិត្តជ្រើសរើសទុកឱ្យអ្នកជំងឺ COVID-19 ដែលមានឱកាសរស់នៅ តិចតួចបំផុត ស្លាប់តាមដំណើរ ដើម្បីអាចជួយសង្រ្គោះជីវិតអ្នកជំងឺដទៃមានសង្ឃឹមរស់ច្រើន។ នេះបើតាមការស្រង់ផ្សាយពីសារព័ត៌មាន Straitstimes នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មួយពេញដោយជំងឺ COVID-19 នៃមន្ទីពេទ្យ La Paz ក្នុងទីក្រុងមាឌី្រដ លោកវេជ្ជបណ្ឌិត Daniel Bernabeu បានចុះហត្ថលេខាលើលិខិតបញ្ជាក់ មរណភាព សម្រាប់អ្នកជំងឺម្នាក់ ហើយងាកទៅជួយសង្រ្គោះជីវិតអ្នកជំងឺម្នាក់ទៀត ដែលកំពុងថប់ដង្ហើម។ ថ្លែងប្រាប់ព័ត៌មាន Bloomberg តាមទូរស័ព្ទ លោក Bernabeu បាន ឱ្យដឹងទៀតថា ប្រឈមមុខនឹងអ្នកជំងឺដ៏ច្រើនលើសលប់ បន្ទប់សង្រ្គោះក្នុងមន្ទីរពេទ្យ La Paz ដែលលោកកំពុងធ្វើការ បានដាក់ចេញនូវគោលការណ៍ថ្មីមួយ ដោយលើកទឹកចិត្ត ឱ្យក្រុមគ្រូពេទេ្យផ្ដល់អទិភាពព្យាបាលអ្នកជំងឺវ័យក្មេង ឬមានឱកាសរស់ច្រើន ជាជាងអ្នកជំងឺមានវ័យចំណាស់ ឬក៏មានសង្ឃឹមរស់នៅតិចតួច។
វេជ្ជបណ្ឌិតរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «មនុស្សវ័យចំណាស់ នៅក្នុងស្ថានភាព ឬលក្ខខណ្ឌដទៃ អាចនឹងមានឱកាសសង្ឃឹមរស់ច្រើន...ប៉ុន្តែភាគច្រើនក្នុងចំណោមពួកគាត់ បានស្លាប់ព្រមៗគ្នា»។ លោកបន្តថា៖ «នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្រុមគ្រូពេទ្យជួរមុខមិនបានស្លៀកអាវការពារពេញលេញនោះទេ ដោយគ្រាន់តែស្លៀករ៉ូបធម្មតា និងពាក់ម៉ាស តែប៉ុណ្ណោះ។ ពួកគេត្រូវបានផ្ដល់អនុសាសន៍ឱ្យនៅឆ្ងាយពីអ្នកជំងឺ ១ម៉ែត្រ តែវាជារឿងមិនអាចទៅរួច...ដូច្នេះហើយ មិត្តរួមការងារបានធ្លាក់ខ្លួនឈឺនៅជុំវិញពួកយើង។ ខ្ញុំគឺជាអ្នក វិទ្យុសាស្ត្រម្នាក់ ហើយតាមពិតខ្ញុំមិនត្រូវបានគេសន្មត់ឱ្យចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ទេ តែពេលនេះខ្ញុំបាននៅទីនេះរួចទៅហើយ គឺដូចជានៅក្នុងលេណដ្ឋានអីចឹង»។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ អេស្ប៉ាញមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាង ៥៦,០០០ករណី ក្នុងនោះមាន៤,០៨៩នាក់បានស្លាប់ ដែលចំនួននេះច្រើនជាង អ្នកស្លាប់នៅក្នុងប្រទេសចិនទៅទៀត៕