(វ៉ាស៊ីនតោន)៖ COVID-19 ដែលអង្គការសុខពិភពបានប្រកាសចាត់ទុកថា «ជាជំងឺរាតត្បាតសកល» ឥឡូវនេះវាបានផ្តាច់ជីវិតមនុស្សជាង ២៣,៦០០នាក់ ក្នុងចំណោមករណីឆ្លងសរុបលើស ៥២៦,០០០ករណីនៅទូទាំងសកលលោក ខណៈសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសមានករណីឆ្លងច្រើនជាងគេបំផុត ៨៥,៣៧៧ករណីនៅទូទាំងប្រទេស ដោយក្នុងនោះ ១,២៩៥នាក់ស្លាប់។ នេះបើតាមទិន្នន័យពីសាកលវិទ្យាល័យ ចន ហបគីនស៍ (Johns Hopkins University) នៃសហរដ្ឋអាមេរិក។
ប្រឈមមុខនឹងវិបត្តិ COVID-19 ប្រទេសជាច្រើនបានអនុវត្តវិធានការ បិទប្រទេសទាំងមូល, ខ្លះបិទមួយផ្នែក, ខ្លះទៀតប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងមួយចំនួន ចាត់វិធានការរឹតត្បិតយ៉ាងខ្លាំង ដើម្បីប្រយុទ្ធជាមួយជំងឺរាតត្បាតសកលមួយនេះ។ ប្រទេសទាំងនេះរួមមាន៖
* អាហ្រ្វិកខាងត្បូង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ អាហ្រ្វិកខាងត្បូង បានប្រកាសពីវិធានការបិទប្រទេសទាំងមូលរយៈពេល ២១ថ្ងៃ ដោយមានតែអាជីវកម្ម និងសេវាកម្មសំខាន់ៗតែប៉ុណ្ណោះ ដែលអាចបន្តធ្វើសកម្មភាព។
* នូវែលសេឡង់៖ បានប្រកាសបិទប្រទេសទាំងមូលកាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។ ការបិទប្រទេសនេះនឹងត្រូវបន្ធូរបន្ថយ ទៅតាមស្ថានភាពជាក់ស្តែង បន្ទាប់ពីរយៈពេលមួយខែ។
* អារ៉ាប៊ីសាអូឌីត៖ បិទរដ្ឋធានីរីយ៉ាដ និងទីក្រុងម៉េកកា (Mecca) និងទីក្រុងមេឌីណា (Medina) ទាំងមូល ព្រមទាំងព្យួរជើងហោះហើរអន្តរជាតិ បិទវិហារ សាលារៀន និងសេវាកម្មមិនសំខាន់ ក៏ដូចជាដាក់ចេញនូវបំរាមគោចរមួយផ្នែក សម្រាប់រយៈពេល ២១ថ្ងៃផងដែរ។
* កូឡុំប៊ី៖ ដាក់ចេញវិធានការស្នាក់នៅដាច់ដោយឡែកទូទាំងប្រទេស ដោយតម្រូវឱ្យមនុស្សមានអាយុ ៧០ឆ្នាំឡើងទៅត្រូវស្នាក់នៅក្នុងផ្ទះ រហូតដល់ខែឧសភា ខណៈវិធានការនេះមានរយៈពេល ១៩ថ្ងៃ។
* ឥណ្ឌា៖ ប្រកាសបិទប្រទេសទាំងមូល ជាមួយការចេញបញ្ជាឱ្យប្រជាជន ១.៣ពាន់លាននាក់ស្នាក់នៅក្នុងផ្ទះរយៈពេល ២១ថ្ងៃ កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ប៉ុន្តែអាចចេញក្រៅបានក្នុងករណីទិញម្ហូប ឬត្រូវការសេវាចំបាច់។
* ចក្រភពអង់គ្លេស៖ ប្រកាសបិទប្រទេសទាំងមូលកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ សម្រាប់រយៈពេល ០៣សប្ដាហ៍។ ការអនុញ្ញាតឱ្យចេញពីផ្ទះ ទាល់តែមានការងារចាំបាច់។
* អូស្ត្រាលី៖ អាជា្ញធរអូស្ត្រាលីនៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ បានចាប់ផ្ដើមបិទ បា, ក្លឹបម្សាន្ត, ក្លឹបហាត់ប្រាណ, រោងភាពយន្ដ និងកន្លែងប្រារព្ធពិធីជួបជុំសាសនា ព្រមទាំងសេវាកម្មមិនសូវសំខាន់ទាំងអស់ជាបណ្ដោះអាសន្ន។
* អាហ្សង់ទីន៖ បិទប្រទេស ដោយតម្រូវឱ្យប្រជាជនចេញក្រៅផ្ទះ ដើម្បីរកតែសេវាសំខាន់ប៉ុណ្ណោះ។ វិធានការនេះត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២១ ខែមីនា រហូតដល់ ថ្ងៃទី៣១ ខែមីនា។
* អ៉ីស្រាអែល៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ប្រកាសបិទប្រទេសមួយផ្នែក ហាមជនបរទេសចូលជាបណ្ដោះអាសន្ន។
* ប៊ែលហ្សិក៖ បិទប្រទេសកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ហើយវិធានការនេះអាចនឹងមានរយៈពេល៨សប្ដាហ៍។
* សហភាពអឺរ៉ុប៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានហាមឃាត់ការធ្វើដំណើរមិនសូវសំខាន់ទាំងអស់ ចូលមកក្នុងតំបន់របស់ខ្លួន សម្រាប់រយៈពេល ៣០ថ្ងៃ។
* ន័រវែស៖ ប្រកាសបិទប្រទេសរយៈពេល ០២សប្ដាហ៍ កាលពីថ្ងៃទី១២ ខែមីនា ហើយកាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលន័រវែស បានប្រកាសបន្តអនុវត្តវិធានការនេះ រហូតដល់ថ្ងៃទី១២ ខែមេសា។
* ដាណឺម៉ាក៖ ប្រកាសអនុវត្តវិធានការបិទប្រទេសកាលពីថ្ងៃទី១១ ខែមីនា ហើយអូសបន្លាយរហូតដល់ថ្ងៃទី១៣ ខែមេសា។
* អ៉ឺតាលី៖ បិទប្រទេសទាំងមូលកាលពីថ្ងៃទី១០ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា។
* អេស្ប៉ាញ៖ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
*បារាំង៖ បិទប្រទេសទាំងមូលពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
* ព័រទុយហ្គាល់៖ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
* ប៊ែលហ្សិក៖ តម្រូវឱ្យប្រជាជនរបស់ខ្លួនអនុវត្តវិធានការ នៅដាច់ដោយឡែកទូទាំងប្រទេស រហូតដល់ថ្ងៃទី០៥ ខែមេសា។ អាចចេញខាងក្រៅផ្ទះបានសម្រាប់ភារកិច្ចចំាបាច់ ឬត្រូវការសេវាបន្ទាន់នានា។
* សហរដ្ឋអាមេរិក៖ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃទី១៣ ខែមីនា។
* ម៉ាឡេស៊ី៖ វិធានការបិទប្រទេសទាំងមូល មុនដំបូងឡើយត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា តែរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ សម្រេចចិត្តអូសបន្លាយរហូតដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
* ហ្វីលីពីន៖ រដ្ឋាភិបាលទីក្រុងម៉ានីលដាក់ចេញវិធានការបិទប្រទេសមួយផ្នែក រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
* ថៃ៖ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
*ឥណ្ឌូណេស៊ី៖ ប្រកាសដាក់រដ្ឋធានីហ្សាការតាក្នុងគ្រាអាសន្ន កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
* កូរ៉េខាងត្បូង៖ ប្រកាសពីភាពអាសន្នផ្នែកសុខាភិបាល កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០៕
ប្រភព៖ Business Insider (ដកស្រង់នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០)