(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 បានកើនឡើងដល់ ១០២នាក់ហើយគិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ នៅក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេស ១,១៥៥ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃសៅរ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក អេកម៉ាត់ យូរៀនតូ (Achmad Yurianto) ដែលទទួលខុសត្រូវក្នុងការឆ្លើយឆ្លងព័ត៌មាន ពាក់ព័ន្ធនឹងជំងឺ COVID-19 ប្រចាំថ្ងៃនៅឥណ្ឌូណេស៊ីបានលើកឡើងទៀតថា រដ្ឋធានីហ្សាការតាដែលមានប្រជាជនរស់នៅជាង ១០លាននាក់ បានរ៉ាប់រងករណីស្លាប់ខាងលើនេះចំនួន ៦២នាក់ ខណៈខេត្តជ្វាខាងលិច (West Java) គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរបន្ទាន់។

គួរបញ្ជាក់ថា តួលេខអ្នកស្លាប់សរុបខាងលើនេះ បានធ្វើឲ្យប្រទេសឥណ្ឌូណេស៊ី ក្លាយសមាជិកអាស៊ាន ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតដោយសារតែ COVID-19 ខណៈប្រទេសដែលមានករណីឆ្លង ច្រើនជាងគេបំផុត ក្នុងចំណោម ១០ ប្រទេសនោះគឺម៉ាឡេស៊ី និងបន្ទាប់មកគឺប្រទេសថៃ៕