(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៨ករណីទៀតនៅទូទាំងប្រទេស។ ជាមួយនឹងតួលេខចុងក្រោយនេះ វាបានធ្វើឲ្យប្រទេសអាស៊ីខាងកើតមួយនេះ មានចំនួនអ្នកឆ្លងសរុបកើនដល់ ៩,៦៦១ករណី ដោយក្នុងនោះអ្នកជំងឺ ១៥៨នាក់ស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន ១៣ករណីត្រូវបានគេរកឃើញ នៅអាកាសយានដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រទេសមួយនេះ នឹងចាប់ផ្តើមអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ០២សប្តាហ៍សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកប្រទេសរបស់ខ្លួន ដោយនឹងចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះតទៅ។
គួរជម្រាបថា កូរ៉េខាងត្បូងដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារជំងឺ COVID0-19 នៅអាស៊ីបន្ទាប់ពីចិន គឺវាបានចាប់ផ្តើមផ្ទុះឡើងជាលក្ខណៈធ្ងន់ធ្ងរនៅទីក្រុងដេគូ (Daegu) ដែលមានចម្ងាយត្រឹមតែ ៣០០គីឡូម៉ែតប៉ុណ្ណោះពីរដ្ឋធានីសេអ៊ូល ដែលវាមានជាប់ពាក់ព័ន្ធនឹងវិហារគ្រិស្តសាសនាមួយកន្លែង ដែលស្ថិតនៅក្នុងទីក្រុងនោះ។
ទីក្រុងដេគូ ដែលមានប្រជាជនរស់នៅជាង ២,៥លាននាក់ បានក្លាយជាចំណុចកណ្តាលនៃការរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទីក្រុងដេគូ និងតំបន់ជំវិញបានរ៉ាប់រងប្រមាណជាង ៨០% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េទាំងមូល៕