(សេអ៊ូល)៖ កូរ៉េខាងជើងទើបតែបានប្រកាសពីជោគជ័យ លើការធ្វើតេស្ត ជើងទម្របាញ់រ៉ុក្កែតដ៏ធំមួយ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ នេះតែម្តង ក្រោយពីកូរ៉េខាងត្បូងបានប្រកាសថ្កោលទោស ចំពោះសកម្មភាពតេស្តមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ ដែលត្រូវបានចាត់ទុកជាទង្វើមិនសមគួរទាល់តែសោះ អំឡុងពេលដែលពិភពលោកទាំងមូល កំពុងរងគ្រោះដោយជំងឺរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ BBC។
យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ០២គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង វ៉ុនសាន (Wosan) របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ភាគឦសានប្រទេសនេះ កាលពីម៉ោង ០៦៖១០នាទីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ (ពេលវេលានៅសេអ៊ូល) ហើយហោះបានចម្ងាយ ២៣០គីឡូម៉ែត្រ នៅរយៈកម្ពស់អតិបរមាប្រហែល ៣០គីឡូម៉ែត្រមុនធ្លាក់ចូលផ្ទៃសមុទ្រ។
ដោយឡែកឈានមកដល់ថ្ងៃចន្ទនេះ ប្រពន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា ការធ្វើតេស្តជើងទម្រខ្នាតធំ ដែលអាចបាញ់គ្រាប់រ៉ុក្កែតម្តងជាចង្កោមនោះ បានសម្រេចជោគជ័យជាស្ថាពរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះកូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ត្រូវបានរកឃើញនោះឡើយ ប៉ុន្តែអ្នកជំនាញអន្តរជាតិមួយចំនួន រួមទាំងកូរ៉េខាងត្បូង នៅតែមានការសង្ស័យជានិច្ច ចំពោះការបិទបាំងព័ត៌មានរបស់កូរ៉េខាងជើង៕