(បាងកក)៖ អាជ្ញាធរសុខាភិ បាលថៃ នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញ COVID-19 ចំនួន១៣៦ករណីថ្មី បន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់ ១,៥២៤នាក់។ នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) នៃរដ្ឋាភិបាលថៃ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 លោក Taweesin Wisanuyothin ករណីឆ្លងនៅក្នុងប្រទេសថៃ ហាក់ដូចជានៅតែ បន្តកើនឡើង ហើយក្នុងចំណោមករណីឆ្លងថ្មីទៀតសោត ភាគច្រើនត្រូវបានរាយការណ៍នៅតាមខេត្ត ជាជាងនៅក្នុងទីក្រុងបាងកក។ លោកបន្តថា គិតត្រឹមថ្ងៃអាទិត្យ មិ្សលមិញ មិនមានអ្នកស្លាប់ថ្មី ដោយសារ COVID-19 ឡើយ រីឯអ្នកស្លាប់សរុបមាន៧នាក់ ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករាមក។

គួរជម្រាបថា បន្ថែមពីលើការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន រដ្ឋាភិបាលថៃ បានចេញបញ្ជាឱ្យបិទអាជីវកម្ម និងកន្លែងជួបជុំសាធារណៈ មួយចំនួនបន្ថែមទៀត ព្រមទាំងអូសបន្លាយវិធានការបិទទ្វារ ដែលមានស្រាប់រហូតដល់ចុងខែមេសា ស្របពេលខេត្ត Narathiwat និងខេត្ត Pattani ស្ថិតនៅភាគខាងត្បូង ប្រទេស រួមទាំងខេត្ត Phuket ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីពន្យឺតការឆ្លង COVID-19៕