(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវកាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថា ច្រកទ្វារអន្តរជាតិទាំងអស់នឹងត្រូវបិទ មិនឲ្យអ្នកដំណើរចេញចូល ជាបណ្តោះអាសន្នសិន លើកលែងតែទំនិញប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
វិធានការណ៍ខាងលើ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទនេះតែម្តង រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែបើមានការផ្លាស់ប្តូរណាមួយកើតឡើង នឹងមានសេចក្តីប្រកាសជូនដំណឹងបន្ថែមតាមក្រោយ។
នាយករដ្ឋមន្រ្តីឡាវ លោកថុងលួន ស៊ីសួលីត (Thongloun Sisoulith) កាលពីថ្ងៃអាទិត្យ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីពង្រឹងវិធានការការពារ និងទប់ស្កាត់ជំងឺ COVID-19។ ក្នុងចំណោមបទបញ្ជាប្រតិបត្តិទាំងនោះមានដូចជា ការបិទច្រកព្រំដែនចេញចូលអន្តរជាតិទាំងអស់ និងការហាមឃាត់មិនឲ្យមានការរៀបចំពិធីជួបជុំនានាដែលមានគ្នាលើសពី ១០នាក់ឡើងទៅ ព្រមទាំងតម្រូវឲ្យមន្ត្រីរាជការទាំងអស់ធ្វើការងារពីផ្ទះ លើកលែងតែអ្នកទទួលបន្ទុកមុខងារចាំបាច់ប៉ុណ្ណោះ។ លើសពីនោះទៀត ប្រជាពលរដ្ឋឡាវទាំងអស់ ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ឬទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់នៃឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
គួរជម្រាបថា ការភ័យខ្លាចនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងខ្លាំង បន្ទាប់ពីពលករឡាវរាប់ពាន់នាក់ដែលបានទៅធ្វើការនៅប្រទេសជិតខាង ជាពិសេសគឺនៅប្រទសថៃ បាននាំគ្នាវិលត្រឡប់ចូលមាតុភូមិវិញភ្លូកទឹកភ្លូកដី កាលពីសប្តាហ៍កន្លងទៅនេះ។ រហូតមកទល់ម៉ោងនេះប្រទេសឡាវ បានកត់ត្រាតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសចំនួន០៨ករណី ដែលជាចំនួនទាបបំផុតក្នុងចំពោមបណ្តាប្រទេសអាស៊ានទាំង១០៕