(វ៉ាស៊ីនតោន)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនដល់ ១៤០,៥៧០នាក់ហើយ ក្នុងនោះមានអ្នកជំងឺ ២,៤៤៣នាក់ បានស្លាប់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

បច្ចុប្បន្ន រដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយរដ្ឋញូយ៉ក បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ដោយសារជំងឺ ដ៏កាចសាហាវនេះ មានច្រើនជាង១,០០០នាក់។ ជាមួយនឹងចំនួនអ្នកឆ្លង ១៤០,៥៧០នាក់ខាងលើ វាក៏បានធ្វើឲ្យអាមេរិកឈរលំដាប់ថ្នាក់ទី ១ លើលោកដែល មានចំនួនអ្នកឆ្លងជំងឺនេះ ច្រើនជាងគេបំផុតផងដែរ។

ដោយឡែក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី (Anthony Fauci) ដែលជានាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងអាមេរិកបានព្យាករណ៍ទុកជាមុនថា ជំងឺរាតត្បាតសកល COVID-19 អាចនឹងបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិកស្លាប់ពីចន្លោះ ១០០,០០០-២០០,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិកជាមួយនឹង តួលេខអ្នកឆ្លងអាចកើនដល់ ១លានករណី៕