(អ៉ីស្តង់ប៊ុល)៖ អាជ្ញាធរសុខាភិបាលតួកគីបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,៦១០នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ១០,៨២៧ករណីហើយនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខអ្នកស្លាប់ដោយសារជំងឺនេះវិញ អាជ្ញាធរសុខាភិបាលតួកគីក៏បានគូសបញ្ជាក់ផងដែរថា មានករណីស្លាប់ថ្មីៗចំនួន ៣៧នាក់សម្រាប់រយៈពេល ពេញមួយថ្ងៃចន្ទម្សិលមិញដដែលនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសអាស៊ី-អ៊ឺរ៉ុបមួយនេះបានកើនដល់ ១៦៨នាក់ហើយ។ ទោះយ៉ាងណាក្នុងចំណោមអ្នកឆ្លងសរុប ១០,៨២៧ករណីខាងលើ ក៏មានអ្នកដែលបានជាសះស្បើយចំនួន ១៦២ករណីផងដែរ។
គួជម្រាបថា ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសពីវិធានការណ៍ចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 រួមមានដូចជា ការរឹតបន្តឹងលើការធ្វើដំណើរចេញចូលប្រទេស ព្រមទាំងផ្អាកជើងហោះហើរអន្តរជាតិជាដើម នៅចំពោះមុខនៃការរាតត្បាតជំងឺ COVID-19។ តែទោះយ៉ាងណានារយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សន្ទុះនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅក្នុងប្រទេសមួយនេះ ហាក់បានកើនឡើងខ្លាំងយ៉ាងគួរឲ្យកត់សម្គាល់៕