(ណៃពិដោ)៖ នាថ្ងៃអង្គារនេះអាជ្ញាធរមីយ៉ាន់ម៉ាបានរាយការណ៍ថា អ្នកជំងឺ COVID-19 ម្នាក់នៅក្នុងប្រទេសអាស៊ានមួយនេះ បានបាត់បង់ជីវិត ស្របពេលដែលករណីឆ្លងបានកើនដល់ ១៤ករណី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
លោកស្រី ឃីន ឃីន គ្យី (Khin Khin Gyi) អ្នកនាំពាក្យក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា អ្នកជំងឺដែលបានស្លាប់នោះជាបុរសវ័យជាង ៦០ឆ្នាំម្នាក់ ដែលមានជំងឺមហារីកប្រចាំកាយស្រាប់ ហើយគាត់បានបាត់បង់ជីវិត នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងរ៉ង់ហ្គូន កាលពីវេលាម៉ោង ០៧៖២៥នាទីព្រឹកថ្ងៃអង្គារនេះតែម្តង។
គួរជម្រាបថា សរុបមកទល់ពេលនេះ មីយ៉ាន់ម៉ា់បានរកឃើញអ្នកឆ្លង COVID-19 សរុប ១៤នាក់ ដែលភាគច្រើនជាអ្នកបានធ្វើដំណើរចេញ ទៅក្រៅប្រទេសហើយត្រឡប់មកវិញ ខណៈករណីដំបូងត្រូវបានរាយការណ៍ កាលពីថ្ងៃទី២២ ខែមីនា គឺជាងមួយសប្តាហ៍មុន។
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានព្រមានថា ប្រទេសមីយ៉ាន់ម៉ាស្ថិតក្រោមហានិភ័យខ្ពស់ នៃការផ្ទុះឡើងខ្លាំងនូវការរាល ដាលនៃជំងឺ COVID-19 បន្ទាប់ពីពលករចំណាកស្រុករាប់ម៉ឺននាក់ ដែលចេញទៅធ្វើការងារនៅឯប្រទេសថៃ បាននាំគ្នាសម្រុកចូលមកវីញ មុនពេលមានការបិទព្រំដែន៕