(ហាណូយ)៖ នៅព្រឹកថ្ងៃអង្គារនេះអាជ្ញាធរសុខាភិបាលវៀតណាម បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ០១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់ ២០៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

០១ករណីឆ្លងថ្មីខាងលើ គឺជាក្មេងវៀតណាមម្នាក់អាយុ ១០ឆ្នាំ ដែលទើបតែត្រឡប់មកពីប្រទេសឆេក។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាមមានករណីសង្ស័យចំនួន ៣,២១៥ករណីដោយមានមនុស្សជាង ៧៥,០០០នាក់ត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែក គិតត្រឹមព្រឹកថ្ងៃអង្គារនេះតែម្តង។

គួរជម្រាបថា ក្នុងចំណោមករណីសរុបទាំង ២០៤ករណីខាងលើនេះមាន ៥៥ករណី ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ខណៈករណីស្លាប់មិនមាននៅឡើយទេ។ វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសអាស៊ានដំបូងៗគេ ដែលបានរកឃើញករណីឆ្លង COVID-19 ប៉ុន្តែបើគេពិនិត្យមើលទៅលើ តួលេខជាក់ស្តែងនោះ អត្រាឆ្លងជំងឺនៅក្នុងប្រទេសនេះ គឺស្ថិតក្នុងកម្រិតទាប និងយឺតបំផុត៕