(ហ្សាការតា)៖ ចំពោះមុខករណីស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេនៅអាស៊ាន និងអ្នកឆ្លងជំងឺនេះកំពុងកើនឡើង ជាបន្តបន្ទាប់ផងដែរនោះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចចិត្តថា នឹងធ្វើការផ្អាកទទួលជនបរទេសចូលមកក្នុងស្រុក ឬឆ្លងទៅកាន់ទៅកាន់ប្រទេសដទៃៗទៀត ដើម្បីឲ្យវិធានការទប់ស្កាត់ ការឆ្លងវីរុសកូរ៉ូណាថ្មីឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយ US News នារសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បានលើកឡើងថា ចំពោះជនបរទេសទាំងឡាយណា ដែលទទួលបានការអនុញ្ញាតឲ្យស្នាក់នៅឥណ្ឌូណេស៊ី និងជនបរទេសដែលនឹងមក បំពេញទស្សនកិច្ចផ្នែកការទូតនោះ នឹងត្រូវលើកលែងចំពោះបំរាមខាងលើនេះ។ សម្រាប់ការប្រកាស នូវពេលវេលានៃការដាក់ចេញបំរាមជាផ្លូវការ នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃអង្គារនេះតែម្តង។

បន្ថែមពីខាងលើនេះទៀត អាជ្ញាធរឥណ្ឌូណេស៊ីក៏នឹងបង្កើនការត្រួតពិនិត្យ លើជនជាតិរបស់ខ្លួនទាំងអស់ ដែលធ្វើដំណើរត្រឡប់មកពីបរទេសផងដែរ ដើម្បីស្វែងរកអ្នកឆ្លង COVID-19 ដែលអាចកើតមាន។ បើតាមតួលេខចុងក្រោយ ឥណ្ឌូណេស៊ីមានអ្នកឆ្លង COVID-19 សរុប ១,៤១៤ករណី ក្នុងនោះស្លាប់ ១២២នាក់ និងជាសះស្បើយ ៧៥នាក់៕