(ខេបថោន)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក សាយរីល រ៉ាម៉ាផូសា (Cyril Ramaphosa) នាដើមសប្តាហ៍ថ្មីនេះបានប្រកាស ការពារសេចក្តីសម្រេចចិត្តបិទប្រទេសរយៈពេល ២១ថ្ងៃដែលត្រូវបានអនុវត្ត តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះមកម្ល៉េះថា ជារឿងចាំបាច់បំផុតដែលត្រូវធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីរូបនេះបានលើកឡើងយ៉ាងដូច្នេះថា « នេះគឺជាវិធានការដ៏តឹងរ៉ឹងមួយ ដែលយើងទាំងអស់គ្នាត្រូវតែអនុវត្ត ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19»។ លោក Cyril Ramaphosa បានបន្ថែមថា អត្រានៃអ្នកឆ្លងជំងឺនេះនៅក្នុងប្រទេស បានកើនឡើងដល់ ១,៣២៦ករណីហើយ ក្នុងនោះ ០៣នាក់បានស្លាប់បាត់បង់ជីវិត ដូច្នេះបានជាយើងត្រូវតែ សម្រេចចិត្តបិទប្រទេសទាំងមូលចំនួន ២១ថ្ងៃនៅចំពោះមុខជំងឺរាតត្បាតសកលនេះ។
ជាមួយគ្នានេះលោកក៏បានទទួលស្គាល់ដែរថា វិធានការដាក់ឲ្យនៅដាច់ដោយឡែក គឺពិតជារំខានដល់ជីវភាពប្រជាជន។ «ប៉ុន្តែយើងទាំងអស់គ្នាបានដឹង និងទទួលស្គាល់ផងដែរថា វិធានការបិទប្រទេសនេះ គឺវាចំាបាច់បំផុត ដើម្បីសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ឬអាចថារាប់ម៉ឺននាក់នៃប្រជាជនទាំងអស់របស់យើង»៕