(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ COVID-19 ចំនួន១២៧ករណីថ្មី បន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់ ១,៦៥១នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 លោក Taweesin Wisanuyothin អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់១០នាក់ ផងដែរ ចាប់តាំងពីជំងឺនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករាមក។ លោកបន្ថែមថា ទីក្រុងបាងកក មានករណីឆ្លងច្រើនជាងគេ ដោយមាន៧៩៦ករណី, ទីក្រុង Nonthaburi មាន៧៩ករណី, ខេត្ត Phuket មាន៥៥ករណី និងខេត្តយ៉ាឡាមាន៤៨ករណី ខណៈខេត្តចំនួន៦១ សុទ្ធតែបានរាយការណ៍ពីករណីឆ្លង COVID-19។

បន្ថែមពីលើការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន រដ្ឋាភិបាលថៃ បានចេញបញ្ជាឱ្យបិទអាជីវកម្ម និងកន្លែងជួបជុំសាធារណៈមួយចំនួន បន្ថែមទៀត ព្រមទាំងអូសបន្លាយវិធានការបិទទ្វារ ដែលមានស្រាប់រហូតដល់ចុងខែមេសា ស្របពេលខេត្ត Narathiwat និងខេត្ត Pattani ស្ថិតនៅភាគខាងត្បូង ប្រទេស រួមទាំងខេត្ត Phuket ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីពន្យឺតការឆ្លង COVID-19៕