(ឡុងដ៍)៖ ប៉ូលិសនៅចក្រភពអង់គ្លេសបានទទួលរងការរិះគន់ថា ពួកគេមួយចំនួនបានប្រើអំណាចជ្រុលហួសហេតុ កំឡុងការអនុវត្តវិធានការបិទប្រទេស ដែលត្រូវបានដាក់ចេញដើម្បីកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
វិធានការថ្មីដែលរដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់ចេញកាលពីសប្តាហ៍មុន បានផ្តល់សិទ្ធិឲ្យប៉ូលិសធ្វើការផាកពិន័យជាប្រាក់ភ្លាមៗ ចំពោះអ្នកដែលនៅប្រមូលផ្តុំគ្នាជាក្រុមលើសពី ០២នាក់ ឬចាកចេញពីផ្ទះដោយពុំមានហេតុផលសមរម្យ ដូចជាត្រូវទៅបំពេញការងារ ឬទៅទិញស្បៀងអាហារជាដើម។
ប៉ុន្តែមន្រ្តីប៉ូលិសមួយចំនួនរងការចោទប្រកាន់ថា បានប្រើអំណាចជ្រុលហួសហេតុ តាមរយៈការប្រើប្រាស់ដ្រូនឃ្លាំមើលសាធារណជន ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យយានជំនិះរបស់អ្នកធ្វើដំណើរ និងការហាមមិនហាងមួយចំនួនលក់ទំនិញ ក៏ដូចជារារាំងមនុស្សមួយចំនួនឲ្យទៅទិញឥវ៉ាន់ជាដើម។
យ៉ាងណាមិញ បើតាមការបកស្រាយពីខាងប៉ូលិសចក្រភពអង់គ្លេស ពួកគេកំពុងព្យាយាមធានាឲ្យបាននូវការធ្វើសកម្មភាពដែលសមរម្យ ពាក់ព័ន្ធនឹងវិធានការថ្មីនេះ។ ចំណែកឯរដ្ឋាភិបាលចក្រភពអង់គ្លេស ក៏បានទទូចឲ្យប្រជាជនទាំងអស់ចូលរួមគ្នាជួយផងដែរ តាមរយៈការស្ថិតនៅក្នុងផ្ទះ នៅចំពោះមុខការឆ្លងរាលដាលនៃជំងឺ COVID-19 ដោយសង្កត់ធ្ងន់ថា បើគ្រប់គ្នាសុទ្ធតែធ្វើយ៉ាងដូច្នោះ ក៏នឹងមិនមានបញ្ហាច្រើននោះដែរ។
គួរជម្រាបថា រដ្ឋាភិបាលអង់គ្លេសបានសម្រេចដាក់ចេញវិធានការខាងលើ ដើម្បីកាត់បន្ថយការរាតត្បាតនៃ COVID-19 បន្ទាប់ពីប្រជាជនហាក់ពង្រើយកន្តើយ ចំពោះការណែនាំឲ្យ អនុវត្តគោលការណ៍ «រក្សាគម្លាតសង្គម» ដោយពួកគេភាគច្រើននៅតែប្រមូលផ្តុំគ្នា នៅតាមកន្លែងទីសាធារណៈ។ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ ចក្រភពអង់គ្លេសបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២២,១៤១ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤០៨នាក់ និងជាសះស្បើយត្រឹម ១៣៥នាក់ប៉ុណ្ណោះ៕