(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ COVID-19 ផ្តាច់ជីវិតមនុស្សលើស ៣,០០០នាក់នៅអាមេរិក ក្នុងចំណោមអ្នកឆ្លងសរុប ១៦៣,៤២៩ករណី៕

២៖ ប៉ូលិសនៅចក្រភពអង់គ្លេសបានទទួលរងការរិះគន់ថា ពួកគេមួយចំនួនបានប្រើអំណាចជ្រុលហួសហេតុ កំឡុងការអនុវត្តវិធានការបិទប្រទេស ដែលត្រូវបានដាក់ចេញដើម្បីកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺ COVID-19។

៣៖ រដ្ឋាភិបាលវៀតណាមបានសម្រេចដាក់ចេញនូវវិធានការ «រក្សាគម្លាតសង្គម» ដែលចាប់ពីថ្ងៃពុធស្អែកនេះតទៅ នោះគឺមនុស្សម្នាគួរស្នាក់នៅក្នុងផ្ទះ ប្រសិនបើគ្មានភាពចាំបាច់ខ្លាំង ហើយនៅតាមទីសាធារណៈវិញ គឺពុំអនុញ្ញាតឲ្យមានការជួបជុំគ្នាលើសពី ០២នាក់ និង ត្រូវនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច ០២ម៉ែត្រ។

៤៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសលុបចោលនូវ គម្រោងដាក់ពង្រាយកងម៉ារីនរបស់សហរដ្ឋអាមេរិក នៅដែនដីភាគខាងជើងរបស់ខ្លួន (NT) ចំពេលមានការរីករាលដាលនៃជំងឺឆ្លង COVID-19។

៥៖ ភ្នាក់ងារពន្លត់អគ្គិភ័យ១៨នាក់ និងអ្នកនាំផ្លូវចូលព្រៃម្នាក់ទៀត បានបាត់បង់ជីវិត កំឡុងប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃដ៏សម្បើមមួយ នៅភាគនិរតីប្រទេសចិន។

៦៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ មិនមានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅក្នុងស្រុកទេ ខណៈករណីនាំចូលពីប្រទេសក្រៅមានចំនួន ៤៨ ករណីនៅទូទាំងប្រទេសចិនតែម្តង៕