(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញមុខរិះគន់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ បានប្រកាសលុបចោលវិញ នូវច្បាប់ស្តីពីការគ្រប់គ្រងស្តង់ដាឥន្ធនៈ ដែលត្រូវបានដាក់ឲ្យអនុវត្តតាំងពីសម័យលោក អូបាម៉ា នៅកាន់អំណាច ដែលមានគោលដៅប្រយុទ្ធនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
លោក អូបាម៉ា បានបង្ហោះសារលើ Twitter យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាបានឃើញច្បាស់ហើយ នូវផលវិបាកបង្កឡើងដោយអ្នកដែល មើលស្រាលលើការព្រមានពីជំងឺរាតត្បាតលក្ខណៈសកល។ បន្ថែមពីនេះ ពួកយើងមិនអាចទទួលរងផលវិបាកទៅថ្ងៃមុខទៀត ដោយសារការបដិសេធចំពោះវិបត្តិនៃ បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកបានឡើយ។ យើងគ្រប់រូបជាពិសេសយុវជន ត្រូវតែធ្វើការតាមទារឲ្យបានប្រសើរជាងនេះពី រដ្ឋាភិបាលរបស់យើងនៅគ្រប់កម្រិតទាំងអស់ ហើយចូលរួមបោះឆ្នោតក្នុងពេលប៉ុន្មានខាងមុខ»។
គួរជម្រាបថា ការបង្ហោះសារខាងលើគឺជារឿងកម្រិតគួរឲ្យកត់សម្គាល់មួយ ដោយសារតែលោក អូបាម៉ា កម្រចេញមុខរិះគន់ជាសាធារណៈ បែបនេះណាស់លើលោក ត្រាំ ដែលតាំងតែពីឡើងបន្តតំណែង បន្ទាប់ពីរូបលោកមក បានផ្តោតលើការដកត្រឡប់ក្រោយវិញនូវអ្វីៗដែល លោក អូបាម៉ា បានកសាងឡើងជាពិសេសគឺគោលនយោបាយបរិស្ថាន និងអាកាសធាតុរបស់លោក បារ៉ាក់ អូបាម៉ា តែម្តង។ មិនត្រឹមតែលោក អូបាម៉ា នោះឡើយ កន្លងអ្នកជំនាញអាមេរិកជាច្រើន ក៏បានរិះគន់រដ្ឋបាលលោក ត្រាំ ផងដែរថា បានមើលងាយស្ថានការណ៍ និងចាត់វិធានការយឺតយ៉ាវចំពោះ COVID-19៕