(អាមេរិក)៖ សាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានឲ្យដឹងថា ជំងឺរាតត្បាតសកលមួយនេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ៤,០៧៦នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ១៨៩,៥១០នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលវាជាតួលេខខ្ពស់ជាងគេបំផុតនៅលើ ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
តួលេខចុងក្រោយ ដែលត្រូវបានដកស្រង់នៅវេលាម៉ោង ១២៖៣០នាទីរសៀល ថ្ងៃទី០១ ខែមេសា (ម៉ោងនៅទីក្រុងភ្នំពេញ) បានឲ្យដឹងទៀតថា រដ្ឋញូយ៉កបានរ៉ាប់រងករណីស្លាប់ ដោយសារតែជំងឺ COVID-19 នេះរហូតដល់ទៅជាង ៤០% ឯណោះ នៃចំនួនករណីស្លាប់ទាំងជាង ៤,០០០នាក់ខាងលើនេះនៅក្នុងសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យអាមេរិក Johns Hopkins បានចាត់ទុកតួលេខថ្មីនេះ ជាការកើនឡើងនូវចំនួនមនុស្សស្លាប់ លើសទ្វេដងបើធៀបនឹងរយៈពេល ០៣ថ្ងៃកន្លងទៅនេះ។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងតួលេខកើនឡើងទាំងករណីឆ្លង និងស្លាប់ដោយសារ COVID-19 យ៉ាងគំហុកបំផុតនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើការព្រមានថា សហរដ្ឋអាមេរិកទាំងមូល គួរតែត្រៀមខ្លួនសម្រាប់រយៈពេលដ៏គួរឲ្យឈឺចាប់ ដែលនឹងត្រូវអូសបន្លាយពីរសប្តាហ៍ទៀតឯណោះ។ អ្នកជំនាញប្រចាំសេតវិមាន ក៏បានលើកឡើងផងដែរថា មនុស្សយ៉ាងហោចណាស់ ១លាននាក់អាចឆ្លង COVID-19 នៅសហរដ្ឋអាមេរិក ហើយក្នុងនោះអ្នកស្លាប់អាចកើនដល់ ២០០,០០០នាក់៕