(ប៉ារីស)៖ គេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសបារាំង បានកើនដល់ ៥៦,៩៨៩ករណីហើយ ក្នុងនោះអ្នកជំងឺ ៤,០៣២នាក់បានស្លាប់។
បើតាម Worldometers ពេញមួយថ្ងៃពុធម្សិលមិញ បារាំងរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ៤,៨៦១នាក់ និងអ្នកជំងឺ ៥០៩នាក់បានស្លាប់។ ចំណែកឯ អ្នកជាសះស្បើយ មាន១០,៩៣៥នាក់។
ប្រជាជននៅលើពិភពលោកបានដឹងច្បាស់ថា អាមេរិក បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែជាកំពូលប្រទេសរឹងមាំ ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ សុទ្ធតែឈរនៅលើលំដាប់កំពូលៗ នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លងជំងឺ Covid-19 និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។
ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។
យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖
១៖ អាមេរិក ករណីឆ្លងកើនដល់ ២១៥,០០៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤៩នាក់ ស្លាប់សរុប ៥១០២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១០,៥៧៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧២៧នាក់ ស្លាប់សរុប ១៣,១៥៥នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១០៤,១១៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩២៣នាក់ ស្លាប់សរុប ៩៣៨៧នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧៧,៩៨១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៥៦នាក់ ស្លាប់សរុប ៩៣១នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០៩នាក់ ស្លាប់សរុប ៤០៣២នាក់
៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ២៩,៤៧៤ អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៣នាក់ ស្លាប់សរុប ២៣៥២នាក់៕