(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រំា បានព្រមានថា អាមេរិកនឹងឱ្យអ៉ីរ៉ង់ តបស្នងមកវិញនូវតម្លៃមួយយ៉ាងសក្តិសម បើសិនជាកងទ័ពអាមេរិក ឬផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសអ៉ឺរ៉ាក់ រងការវាយប្រហារសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដោយផ្អែកលើប្រភពពី មន្ត្រីចារកម្មអាមេរិកបានអះអាងថា អ៉ឺរ៉ង់ និងកងជីវពលរបស់ខ្លួនកំពុងរៀបចំផែនការ វាយប្រហារលើកងទ័ពអាមេរិក នៅលើទឹកដីអ៉ឺរ៉ាក់។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «តាមព័ត៌មាន និងការជឿជាក់ អ៉ឺរ៉ង់ ឬកងជីវពលគាំទ្រដោយអ៉ឺរ៉ង់ កំពុងរៀបចំផែនការ «វាយប្រហារជាសំងាត់» ប្រឆាំងកងទ័ពអាមេរិក និងផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសអ៉ឺរ៉ាក់... ប៉ុន្តែបើសិនជារឿងបែបនេះកើតឡើងមែន នោះអ៉ឺរ៉ង់នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយសក្តិសម»

គួរជម្រាបថា កងទ័ពអាមេរិក និងកងជីវពលគាំទ្រដោយអ៉ីរ៉ង់ បានប្រឈមមុខដាក់គ្នាក្នុងជម្លោះដោយផ្ទាល់កាលពីខែមីនាកន្លងទៅ។ ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែមីនា ការវាយប្រហារដោយគ្រាប់រ៉ុកក្កែតមួយ លើមូលដ្ឋានទ័ព តាជី (Camp Taji) បានផ្ដាច់ជីវិតទាហានអាមេរិក ០២នាក់ និងទាហានអង់គ្លេសម្នាក់ ព្រមទាំង ១៤នាក់ផ្សេងទៀតរងរបួស។
ជាការឆ្លើយតប កងទ័ពអាមេរិកបានបើកការវាយប្រហារ កម្ទេចមូលដ្ឋានជាច្រើនកន្លែង របស់ក្រុមកាតាអ៉ីបហេសបូលឡា (Kata'ib Hezbollah) គាំទ្រដោយអ៉ីរ៉ង់។ ប៉ុន្តែមូលដ្ឋានទ័ព Camp Taji ស្រាប់តែរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាថ្មីទៀត នៅថ្ងៃទី១៤ ខែមីនា បណ្ដាលឱ្យទាហានអាមេរិក ០៣នាក់រងរបួស៕