(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានថាលោកបានបញ្ជាឱ្យប៉ូលិស និងយោធា «បាញ់សម្លាប់» អ្នកដែលបង្កើតភាពចលាចល ឬរំលោភបំពានលើ វិធានការបិទកោះ Luzon ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ព្រមពេលជាមួយ លោក ឌូតឺតេ ក៏បានក្រើនរំលឹកផងដែរថា ការប្រើប្រាស់ហិង្សាលើបុគ្គលិកសុខាភិបាលគឺជារឿង មិនអាចអត់ឱ្យបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

លោក ឌូតឺតេ ធ្វើការព្រមានធ្ងន់ៗខាងលើ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «កុំប្រើហិង្សាលើបុគ្គលិកសុខាភិបាល ឬគ្រូពេទ្យឱ្យសោះ...ពីព្រោះវាជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ខ្ញុំបានចេញបញ្ជាឱ្យប៉ូលិស និងយោធា...បើសិនជាមាន ភាពចលាចលកើតឡើង ហើយពួកគេ (អ្នកបំពានវិធានការប្រឆាំង COVID-19) តដៃជាមួយអ្នក ឬក៏ធ្វើឱ្យជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ បាញ់សម្លាប់ពួកគេចុះ។ តើយល់ ហើយឬនៅ? កុំបង្កភាពចលាចល! ព្រោះខ្ញុំនឹងបញ្ចុះសាកសពរបស់អ្នក»

គួរជម្រាបថា ការព្រមានខាងលើរបស់លោក ឌូតឺតេ ធ្វើឡើង បន្ទាប់ពីប្រជាជនមួយចំនួនរស់នៅក្នុងតំបន់អណាធិបតេយ្យ នៃទីក្រុងម៉ានីល បានធ្វើការតវ៉ានៅតាមដងផ្លូវមួយកន្លែង ដោយអះអាងថាពួកគេមិនបានទទួលកញ្ចប់ចំណីអាហារ ឬជំនួយដទៃទៀតឡើយ ចាប់តាំងពីវិធានការបិទកោះ Luzon ចូលជាធរមានអស់រយៈពេលច្រើនជាង២សប្ដាហ៍ មកនេះ។ អាជ្ញាធរក្នុងតំបន់ បានប្រាប់ឱ្យក្រុមអ្នកតវ៉ាត្រឡប់ទៅផ្ទះវិញ តែពួកគេបានបដិសេធ ជាហេតុបង្ខំឱ្យអាជ្ញាធរបំបែកការប្រមូលផ្ដុំ និងចាប់ខ្លួនមនុស្ស ២០នាក់។ គិតត្រឹមថ្ងៃពុធម្សិលមិញ ហ្វីលីពីន មានអ្នកស្លាប់ដោយសារ COVID-19 ៩៦នាក់ និងឆ្លងជាង២,៣១១ករណី៕