(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មានករណីឆ្លងថ្មីៗចំនួន៣១ករណីបន្ថែមទៀតនៅទូទាំងប្រទេសចិន ក្នុងនោះ២៩ករណីជាករណីនាំចូលពីក្រៅប្រទេស ខណៈមានតែ០២ករណី ប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទំាង ០២ករណីខាងលើ មានមួយករណីត្រូវបានរាយការណ៍នៅខេត្តលាវនីង (Liaoning) និងមួយករណីផ្សេងទៀតនៅខេត្តតក្វាងទុង (Guangdong)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៦,៥៧១នាក់ ដោយក្នុងនោះ ១៦៣នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់៨១,៦២០ករណី ក្នុងនោះ ៣,៣២២នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ៣១ករណីប៉ុណ្ណោះ។ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣១ករណីនេះទៀតសោត គឺមានតែ០២ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ០៤នាក់ ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕