(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនាថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១០៣នាក់ថែមទៀត ហើយអ្នកជំងឺ ០៤នាក់ក៏ទើបតែបានបាត់បង់ជីវិតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
យោងតាមលោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ ប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃ បានកើនដល់១,៩៧៨នាក់ រីឯស្លាប់កើនដល់១៩នាក់។ ចំណែកអ្នកដែលបានជាសះស្បើយវិញមាន៥៨១នាក់។ លោក Taweesin បានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់គឺជាបុរសជនជាតិថៃទាំងអស់ ក្នុងនោះម្នាក់អាយុ៥៩ឆ្នាំ ដែលធ្វើការនៅលើរថភ្លើងមួយខ្សែ ហើយ៣នាក់ទៀតអាយុចន្លោះ៧២-៨៤ឆ្នាំ មានជាប់ពាក់ព័ន្ធការចូលរួមទស្សនាការប្រកួតប្រដាល់មួយ នៅទីក្រុងបាងកក ដែលជាប្រភពនៃការឆ្លងរាលដាលដ៏ធំមួយ នៅក្នុងប្រទេសថៃ។
គួរជម្រាបថា ខណៈកំពុងបន្តស្ថិតក្រោមគ្រាមានអាសន្ន ចាប់ពីយប់ថ្ងៃសុក្រនេះ ថៃនឹងចាប់ផ្តើមអនុវត្តបម្រាមគោចរនាវេលាយប់ ដែលមានរយៈពេល៦ម៉ោង គឺចន្លោះម៉ោង១០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទាបភ្លឺ នៅទូទាំងប្រទេសតែម្តង ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19៕