(សិង្ហបុរី)៖ សំបុត្រមួយច្បាប់ ប្រើប្រាស់និមិត្តសញ្ញារបស់មន្ទីរពេទ្យ Singapore General Hospital (SGH) ដែលអះអាងថាលោកនាយករដ្ឋមន្ត្រីសិង្ហបុរី
លី សៀនឡុង (Lee Hsien Loong) មានផ្ទុក COVID-19 គឺជា «រឿងមិនពិត»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
មន្ទីរពេទ្យ SGH នៅថ្ងៃសុក្រនេះបាននិយាយថា សំបុត្រមួយច្បាប់ដែលប្រើប្រាស់និមិត្តសញ្ញារបស់ខ្លួនគឺជាសំបុត្រក្លែងក្លាយ។ មន្ទីរពេទ្យមួយនេះបានបញ្ជាក់ នៅក្នុងសារបង្ហោះលើ Facebook នៅថ្ងៃសុក្រនេះ ដូច្នេះថា៖ «យើងបានទទួលព័ត៌មានថា និមិត្តសញ្ញាក្លែងក្លាយរបស់ SGH ត្រូវបានគេយកទៅប្រើនៅលើ បណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីឆ្លើយឆ្លងសារថានាយករដ្ឋមន្ត្រីរបស់យើង លោក លី សៀនឡុង ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក COVID-19...ប៉ុន្តែនេះជា រឿងមិនពិត ហើយយើងស្នើឱ្យសាធារណជនមានទំនួលខុសត្រូវសង្គម និងកុំចែកចាយបន្តព័ត៌មានក្លែងក្លាយបែបនេះ»។
គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ សិង្ហបុរីមាន COVID-19 ១,០៤៩ករណី ក្នុងនោះមាន៤នាក់បានស្លាប់ ខណៈ២៦៦នាក់់បានជាសះស្បើយទាំងស្រុង៕