(តែលអាវីវ)៖ រដ្ឋាភិបាលអ៉ីស្រាអែលនាថ្ងៃសុក្រនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានធ្វើតេស្ត រកឃើញថា អវិជ្ជមាននៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកនាំពាក្យលោក Netanyahu គឺលោកស្រី Anna Jonathan-Leus បានប្រាប់ថា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានអនុវត្តវិធានការនៅដាច់ដោយឡែកជាលើកទីពីរ បន្ទាប់ពីរដ្ឋមន្រ្តីសុខាភិបាលអ៉ីស្រាអែល លោក Yaakov Litzman ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមាន COVID-19។
លោក Netanyahu បានអនុវត្តវិធានការនៅដាច់ឡែក លើកទីមួយ បន្ទាប់ពីទីប្រឹក្សារបស់លោកគឺលោកស្រី Rivka Paluch ត្រូវបានធ្វើតេស្ត វិជ្ជមាននៃ COVID-19។ លោក Netanyahu ទើបតែបានបញ្ចប់ការអនុវត្តវិធានការនៅដាច់ដោយឡែកនោះ កាលពីថ្ងៃពុធសប្តាហ៍នេះតែ ប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ការធ្វើតេស្តទៅលើក្រុមគ្រួសាររបស់លោក ព្រមទាំងក្រុមមនុស្សនិងមន្រ្តីជំនិតៗដទៃទៀត ក៏បង្ហាញថា ពួកគេមិនបានឆ្លង COVID-19 ដែរ។
គួរជម្រាបថា យោងវែបសាយ Worldometers.info អ្នកឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីស្រាអែលមាន ៦,៨៥៧នាក់ ក្នុងនោះស្លាប់៣៦នាក់ និងជាសះស្បើយ៣៣៨នាក់៕