(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសុក្រនេះ បានទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងការពារសុវត្ថិភាពខ្លួនឯង នៅតាមសហគមន៍ កន្លែងធ្វើការ និងភូមិដ្ឋានរស់នៅទាំងអស់ទូទាំងប្រទេស ដើម្បីកុំឲ្យជំងឺរាតត្បាតសកល COVID-19 ផ្ទុះឡើងវិញ ព្រោះថាមួយរយៈចុងក្រោយនេះ ករណីនាំចូលជំងឺនេះពីក្រៅប្រទេស កំពុងបង្កហានិភ័យកាន់តែខ្លាំងឡើងៗហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
លោក មី ហ្វេង (Mi Feng) អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិន (NHC) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា «ជាមួយនិងចំនួនកើនឡើង នៃករណីនាំចូលនៃជំងឺ COVID-19 ពីក្រៅប្រទេសវិញនេះ ចិនគឺពិតជានៅតែកំពុងប្រឈមមុខនៃករណីឆ្លងថ្នាក់តំបន់ ឬក៏អាចឈានទៅផ្ទុះជំងឺ COVID-19 ឡើងវិញផងដែរ»។ ប្រទេសចិនបានរាយការណ៍ពីករណីនាំចូលជំងឺ COVID-19 សរុប ២៩ករណីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលជាហេតុនាំឲ្យចំនួនអ្នកចូលមកក្នុង ប្រទេសចិនដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណានោះកើនដល់ ៨៧០ករណី។
គួរបញ្ជាក់ថា ប្រទេសចិនបានចាប់ផ្តើមមើលឃើញពន្លឺនៃភាពជោគជ័យ ក្នុងការទប់ស្កាត់វីរុសកូរ៉ូណាទាំងស្រុង កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ក្រោយពីជំងឺនេះបានផ្ទុះឡើងដំបូងនៅទីក្រុង វូហាន ដោយបានសម្លាប់មនុស្ស ៣,៣២២នាក់ក្នុងចំណោមអ្នកឆ្លងសរុប ៨១,៦២០ករណី ប៉ុន្តែគិតត្រឹមពេលនេះអ្នកជំងឺរហូតដល់ ៧៦,៥៧១នាក់ហើយបានជាសះស្បើយ៕