(ស្រីលង្កា)៖ ប៉ូលិសស្រីលង្កាបានឱ្យដឹងថា មនុស្សយ៉ាងហោច ១០,០០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ដោយសារតែបំពានលើបំរាមគោចរ ដែលបានចូលជាធរមានតាំងតែពីថ្ងៃទី២០ ខែមីនា មកដល់បច្ចុប្បន្ននេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ ប៉ូលិសស្រីលង្កាបានឱ្យដឹងទៀតថា ក្នុងចំណោមមនុស្ស ១០,០០០នាក់ ដែលត្រូវបានចាប់ខ្លួននោះ ក៏រាប់បញ្ចូលមនុស្ស ៥០០នាក់ ដែលទើបត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ។ ការចាប់ខ្លួនធ្វើឡើងដោយសារតែអ្នកទាំងនេះ នៅតែបន្តធ្វើដំណើរតាមដងផ្លូវ, ប្រមូលផ្ដុំគ្នា, ផឹកស្រានៅតាមទីសាធារណៈ និងខ្លះទៀតបន្តបើកភោជនីយដ្ឋាន ដែលនេះគឺជាសកម្មភាពបំពានលើបំរាមគោចរ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

គួរជម្រាបថា បើតាមប៉ូលិសស្រីលង្កាយានជំនិះ ២,០៨៧គ្រឿង ក៏ត្រូវបានរឹបអូសផងដែរ ហើយអ្នកដែលត្រូវចាប់ខ្លួនអាចនឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការថ្នាក់តំបន់របស់ពួកគេ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្រីលង្កាមាន COVID-19 សរុប ១៥១ករណី ក្នុងនោះមាន ២២នាក់ជាសះស្បើយ ខណៈជាង ១០,០០០នាក់ទៀត កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់ពួកគេ និងនៅតាមកន្លែងរៀនចំដោយរដ្ឋអំណាច៕